កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ម្ចាស់រថយន្តចំនួន ២គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំង បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈយកមកអប់រំ និងណែនាំឲ្យដោះស៊ីម៉ាំងចេញ ។
រថយន្តទាំង២គ្រឿង ទី១ រថយន្ត ម៉ាក MASDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1979 ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់នៅចំណុចផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី២ រថយន្ត ម៉ាក MASDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-3559 ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ នៅចំណុចផ្លូវព្រះមុន្នីវង្សកែងនឹងផ្លូវ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បន្ទាប់ពីបានអប់រំរួច កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំម្ចាស់រថយន្តទាំង ២គ្រឿង ឲ្យដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៉ាំងធម្មតាវិញ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសលក្ខណៈបច្ចេកទេស ដែលនាំបង្កការរំខានដល់សាធារណជនតទៅទៀត ។
ជាមួយគ្នានេះអាវុធហត្ថរាជធានីភ្នំពេញ បានការសំណូមពរ ប្រជាពលរដ្ឋ ជាពិសេស អ្នកបើកបរ សូមកុំបើកបរយានយន្តការកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈ ក៏ដូចជាមានសំឡេងខ្លាំងៗរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕ តារាវុទ្ធី
