បាល់ទាត់៖ ខ្សែប្រយុទ្ធ Leeds United, Patrick Bamford ត្រូវបានកោះហៅចូលក្រុមជំរើសជាតិអង់គ្លេសលើកដំបូង សំរាប់ការប្រកួតជំរុះ World Cup ២០២២ នៅខែកញ្ញាខាងមុខ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះធ្លាប់លេងឱ្យក្រុមជំរើសជាតិអង់គ្លេសដំបូងនៅឆ្នាំ២០១៤ តែត្រឹមក្រុមយុវជនអាយុក្រោម ២១ឆ្នាំប៉ុណ្ណោះ។

ទំរង់លេងអស្ចារ្យកាលពីរដូវកាលមុននៅ Leeds United និងបន្តមកដល់រដូវកាលនេះ ធ្វើឱ្យអ្នកចាត់ការក្រុមជំរើសជាតិអង់គ្លេសលោក Gareth Southgate មើលឃើញ។ Patrick Bamford ស៊ុតបញ្ចូលទីសរុបឱ្យ Leeds United ៤២គ្រាប់ក្នុងការបង្ហាញខ្លួន ១០៦ប្រកួត។ ក្នុងចំណោម ៤២គ្រាប់នេះមាន ១៧គ្រាប់នៅរដូវកាលមុននៅពេល Leeds United ឡើងមកលេងនៅ English Premier League លើកដំបូងក្នុងរយៈពេល ១៦ឆ្នាំ។ ក្រៅពី Bamford កីឡាករផ្សេងទៀតដែលត្រូវបានកោះហៅមានដូចជា Jesse Lingard របស់ក្រុមបិសាចក្រហម Manchester United ក៏មានឈ្មោះដែររួមជាមួយ Trent Alexander-Arnold ជាដើម។
ផ្ទុយមកវិញកីឡាករមួយចំនួនដែលជួយអង់គ្លេសនៅ Euro ២០២០ នោះមិនជាប់ឈ្មោះឡើយមានដូចជា Jadon Sancho, Phil Foden, Ben White និង Aaron Ramsdale ជាដើម។ អង់គ្លេសនឹងត្រូវប្រកួតជំរុះ World Cup ២០២២ នៅខែកញ្ញាខាងមុខនេះ ៣ប្រកួតរួមមានទៅទឹកដីហុងគ្រីថ្ងៃទី៣ ទទួលអង់ដូរ៉ាថ្ងៃទី៥ និងទៅទឹកដីប៉ូឡូញថ្ងៃទី៩។ អង់គ្លេសស្ថិតក្នុងពូល I នៃវគ្គជំរុះនេះលេងបាន ៣ប្រកួតឈ្នះទាំងបីមាន ៩ពិន្ទុពេញ ខណៈហុងគ្រីលេខ២ មាន ៧ពិន្ទុ អាល់បានីលេខ៣ មាន ៦ពិន្ទុ ប៉ូឡូញលេខ៤ មាន ៤ពិន្ទុ អង់ដូរ៉ា និងសាន់ម៉ារីណូមាន ០ពិន្ទុដូចគ្នា៕
អត្ថបទ៖នាង សុភាវុធ