ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ(Xinhua) បានរាយការណ៍ថា កងកម្លាំងទ័ពជើងទឹករបស់ចិន និងរុស្ស៊ីកាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមួយនៅឯកំពង់ផែយោធាមួយនៅប្រទេសចិនភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ប៉ុន្មានថ្ងៃបន្ទាប់ពីសម្ព័ន្ធមិត្តណាតូបានហៅទីក្រុងប៉េកាំងថាជា អ្នកបើកដៃឲ្យមានសង្គ្រាមនៅអ៊ុយក្រែន។

ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា កងកម្លាំងពីភាគីទាំងពីរថ្មីៗនេះបានល្បាតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងខាងជើង ហើយប្រតិបត្តិការនេះមិនមានជាប់ពាក់ព័ន្ធនឹងស្ថានភាពអន្តរជាតិ និងតំបន់ទេ ហើយមិនបានកំណត់គោលដៅភាគីទីបីណាមួយឡើយ។

សមយុទ្ធដែលបានចាប់ផ្តើមនៅក្នុងខេត្តក្វាងទុងកាលពីថ្ងៃអាទិត្យ ហើយត្រូវបានគេរំពឹងថានឹងបន្ត រហូតដល់ពាក់កណ្តាលខែកក្កដា ក្នុងគោលបំណងបង្ហាញពីសមត្ថភាពរបស់កងទ័ពជើងទឹកក្នុងការដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ និងរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងពិភពលោក និងក្នុងតំបន់។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយបន្ថែមថាសមយុទ្ធនេះ នឹងរួមមានលំហាត់ប្រឆាំងមីស៊ីល ការវាយប្រហារតាមសមុទ្រ និងការការពារដែនអាកាស។
ទីភ្នាក់ងារសារព័ត៌មាន ស៊ិនហួ បានរាយការណ៍ថា កងកម្លាំងទ័ពជើងទឹកចិន និងរុស្ស៊ី បានអនុវត្តសកម្មភាពយោធាប្រដូចទៅនឹងស្ថានភាពពិតៗនៅលើផែនទី និងសមយុទ្ធសម្របសម្រួលតាកទិក បន្ទាប់ពីពិធីបើកនៅទីក្រុង ចានជាំង (Zhanjiang) ។
សមយុទ្ធរួមគ្នានេះបានធ្វើឡើងបន្ទាប់ពីភាពតានតឹងចុងក្រោយរបស់ចិនជាមួយនឹងសម្ព័ន្ធមិត្តណាតូកាលពីសប្តាហ៍មុន ដែលកន្លងមកសម្ព័ន្ធនេះបានលើកឡើងថាចិនមានឥទ្ធិពលបញ្ឈប់រុស្ស៊ីក្នុងសង្រ្គាមអ៊ុយក្រែនបាន៕