ក្រុមអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ជនស៊ីវិល២៣ នាក់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅរដ្ឋ North Kordofan ភាគខាងលិចប្រទេសស៊ូដង់។

អង្គការសិទ្ធមនុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា កងជីវពលកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានអនុវត្តការសម្លាប់រង្គាលនៅក្នុងភូមិជាច្រើនក្នុងតំបន់ Al-Rahad រដ្ឋ North Kordofan ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់២៣នាក់ និងរងរបួសច្រើននាក់ផ្សេងទៀត។ សេចក្តីថ្លែងការណ៍បាននិយាយថា ឧបទ្ទវហេតុ បានកើតឡើងនៅពេលដែលកងកម្លាំងគាំទ្ររហ័ស(RSF) បានស្ទាក់ចាប់រថយន្តជាច្រើនគ្រឿង មកពីទីក្រុង Al-Rahad ធ្វើដំណើរទៅកាន់ផ្សារមួយកន្លែង ហើយបានបាញ់ប្រហារទៅលើអ្នកដំណើរ។

ក្រុមវេជ្ជបណ្ឌិតស៊ូដង់ ជាក្រុមមិនមែនរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យថា កងកម្លាំងគាំទ្ររហ័ស បានអនុវត្តការសម្លាប់រង្គាលថ្មីទៅលើក្រុមជនស៊ីវិល ក្នុងរដ្ឋ North Kordofan ដោយបានបើកការបាញ់ប្រហារទៅលើអ្នកដំណើរដែលគ្មានអាវុធ ខណៈពួកគេកំពុងធ្វើដំណើរទៅទិញឥវ៉ាន់។ បណ្តាញក្រុមវេជ្ជបណ្ឌិត បានថ្កោលទោសឧបទ្ទវវហេតុនេះថាជា «ឧក្រិដ្ឋកម្មដ៏បង្ហូរឈាម ទៅលើជនស៊ីវិលដែលគ្មានការការពារ។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពកាលពីខែមុនថា ប្រទេសស៊ូដង់បានធ្លាក់ចូលក្នុងជម្លោះដ៏បង្ហូរឈាម រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ដែលរហូតមកដល់ពេលនេះ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៦.៦៥០នាក់ ហើយចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនេះ មនុស្សជាង៧,៧លាននាក់ បានភៀសខ្លួននៅខាងក្នុងប្រទេសស៊ូដង់ ហើយប្រហែល២,២លាននាក់ផ្សេងទៀត បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសជិតខាង។