គណបក្សនយោបាយមួយចំនួន នឹងរៀបចំកម្មវិធីជួបជុំអបអរសាទរថ្ងៃបើកដ្ឋានព្រែកជីកហ្វូណនតេជោ ដើម្បីធ្វើឱ្យចលនាជាតិនិយមកាន់តែផុសផុលសម្រាប់ជាប្រយោជន៍សង្គមជាតិទាំងមូល។
ថ្លែងប្រាប់ BTV នៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៤ មានគណបក្សនយោបាយមួយចំនួនក្នុងចំណោមគណបក្សនយោបាយដែលមាននិន្នាការនយោបាយ និងសកម្មភាពនៅកម្ពុជាបានឱ្យដឹងថា ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេល២០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងនាមគណបក្សនយោបាយបានត្រៀមលក្ខណៈក្នុងការរៀបចំកម្មវិធី ដើម្បីចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួនក្នុងថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនាដើមខែសីហាខាងមុខ ដែលគម្រោងនេះជាគម្រោងប្រវត្តិសាស្រ្តមិនធ្លាប់មានរបស់កម្ពុជា។

លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បញ្ជាក់ថា ការរៀបចំកម្មវិធីជួបជុំក្នុងថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ គឺក្នុងគោលបំណងបង្ហាញពីបេះដូង និងភក្តីភាពចំពោះការផ្តួចផ្តើមគំនិតរបស់សម្តេចតេជោ ហ៊ុន សែន និងប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីជំរុញឱ្យកម្ពុជាមានគម្រោងព្រែកជីកមួយជាសម្បត្តិរបស់ខ្លួនក្នុងការពង្រីកសក្កានុពលលើវិស័យសំខាន់ៗ។

ជាមួយគ្នានេះ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានឱ្យដឹងថា គណបក្សរបស់លោកនឹងរៀបចំការជួបជុំដោយលើកជាបដាភ្ជាប់ជាមួយសារគាំទ្រដល់រាជរដ្ឋាភិបាលលើគម្រោងព្រែកជីកហ្វូណនតេជោ ដែលសកម្មភាពខាងមុខនេះធ្វើឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងថាគណបក្សនយោបាយគ្រប់និន្នាការត្រូវមានសាមគ្គីភាព និងឯកភាពជាតិតែមួយ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប និងមានប្រវែង១៨០គីឡូម៉ែត្រ ខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕ អត្ថបទ សេក ឧត្តម

