នៅសល់ប្រមាណតែ២០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបើកការដ្ឋានផ្លូវការគម្រោងព្រែកជីកហ្វូណនតេជោ នឹងឈានចូលមកដល់។ បណ្តាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្តាល បានបង្ហាញក្តីរំភើប នឹងត្រៀមចូលរួមអបអរសាទរដែលមូលដ្ឋានខ្លួនយកធ្វើជាទីតាំងបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ហើយត្រៀមនឹងរៀបចំកម្មវិធីវាយស្គរ គោះជួង អបអរការជីកព្រែកដែលផ្តល់ឧត្តមប្រយោជន៍ សម្រាប់ប្រទេសជាតិទាំងមូលដ្ឋាន។
ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែកក្កដានេះថា ពលរដ្ឋនៅមូលដ្ឋានឃុំសំរោងធំ ពិតជាមានមោទនភាពណាស់ ដែលរាជរដ្ឋាភិបាលជ្រើសធ្វើជាទីតាំងធំបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ហើយក៏មានការសប្បាយចិត្តផងដែរ ដែលឃុំរបស់ខ្លួនមានព្រែកហ្វូណនតេជោ ជីកឆ្លងកាត់ ដែលនឹងផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ជូនពលរដ្ឋទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងប្រកាសបើកការដ្ឋានជីកជាផ្លូវការ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ដែលក្នុងគម្រោងការជីក មានប្រវែង១៨០គីឡូម៉ែត្រ ប្រើរយៈពេលជីកចំនួន ៤ឆ្នាំ និងគ្រោងចំណាយថវិកាប្រមាណ ១ ៧០០ លានដុល្លារ ខណៈគម្រោងព្រែកជីកនេះនឹងចូលរួមជំរុញសក្ដានុពលសេដ្ឋកិច្ច និងឯករាជលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជានាពេលអនាគត៕ អត្ថបទ ស៊ុម សុខជា




