ក្រុមយុវជន អាជ្ញាធរ ព្រះសង្ឃ ប្រជាពលរដ្ឋ ជាច្រើនអង្គនាក់ បានបើកយុទ្ធនាដង្ហែរក្បួន បំផុសដល់មហាជន ឱ្យចូលរួមដាំកូនឈើ ពលរដ្ឋម្នាក់ ដាំកូនឈើមួយ ដើម្បីបង្កើនសោភ័ណ្ឌភាព បរិស្ថានស្អាតនៅក្នុងភូមិ និងទាក់ទាញអ្នកទេសចរ ដែលយុទ្ធនាការនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានដង្ហែរក្បួន នៅតាមដងផ្លូវក្នុងភូមិចំនួនបី ក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ។
លោក ងឿម សុផារ៉ា តំណាងឱ្យយុវជន និងជាសមាជិកក្រុមប្រឹក្សាឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានឱ្យដឹងថា យុទ្ធនាការនេះ ដោយមានដាំកូនឈើចំនួន៥០០ដើម នៅតាមដងផ្លូវក្នុងភូមិ ហើយយុទ្ធនាការនឹងរៀបចំដាំបន្ដទៀតនៅតាមភូមិក្នុងឃុំកណ្ដែក ឱ្យបានជាងមួយម៉ឺនដើម ដែលកូនឈើទាំងអស់នេះ ជាការចូលរួមពីសប្បុរសជន និងប្រជាពលរដ្ឋផ្សេងៗក្នុងមួយគ្រួសារមួយដើម ឬលើសពីនេះផងដែរ។ លោកបន្ដថា ការដាំកូនឈើ៥០០ដើមនៅតាមដងផ្លូវនេះ ដើម្បីបរិស្ថានស្អាត សោភ័ណ្ឌភាពតាមដងផ្លូវ ទាក់ទាញអ្នកទេសចរ ព្រោះកូនឈើទាំងនោះជាប្រភេទឈើផ្កាក្រអូប និងមានសម្រស់ស្រស់ស្អាត។






