ឧត្តរមានជ័យ៖ នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៤ មន្រ្តីបរិស្ថានខេត្ត ត្រៀមកូនឈើចម្រុះចំនួន២ម៉ឺនដើម ដើម្បីដាំស្តារគម្របព្រៃឈើឡើងវិញ នៅសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ក្នុងភូមិសាស្រ្តឧត្តរមានជ័យ។
លោកផួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កូនឈើចម្រុះគ្រប់ប្រភេទចំនួនជាង២ម៉ឺនដើម ដែលមន្រ្តីអភិរក្សបានធ្វើការបណ្តុះនៅស្នាក់ការក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងធ្វើការត្រៀមដាំនៅទីតាំងវាលចន្លោះ កូនឈើដើម្បីបំពេញបន្ថែមក្នុងគោលបំណងបង្កើនឲ្យមានព្រៃឈើច្រើនឡើងវិញ និងជាជម្រករបស់សត្វព្រៃរស់នៅគ្រប់ប្រភេទផងដែរ។
លោកប្រធានមន្ទីរបរិស្ថានខេត្ត បន្តឲ្យដឹងថា កន្លងមកនៅក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត មន្រ្តីបរិស្ថានធ្លាប់បានធ្វើការដាំកូនឈើជាច្រើនដងរួចមកហើយ ប៉ុន្តែយើងនៅតែបន្តធ្វើការដាំបន្ថែមទៀត នៅទីតាំងដែលមានការខ្វះចន្លោះ និងមានការរេចរឹលត្រូវដាំបន្ថែម ដើម្បីស្តារគម្របព្រៃឈើឡើងវិញ នៅក្នុងតំបន់នេះ។ ជាពិសេសព្រៃឈើអាចជួយកាត់បន្ថយបាននូវកំដៅផែនដី និងភាពរាំងស្ងួតបានដ៏ប្រសើរផងដែរ៕





