បាល់ទាត់៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបង្ហាញអំពីនីតិវិធីក្នុងការកំណត់យកក្រុមតំណាងជាតិមានសិទ្ធ ទៅចូលរួមប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអាស៊ី AFC Cup 2022 ហើយដោយបែងចែកជា ២ជម្រើស ខណៈក្រុមជើងឯកលីគ និងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នៅមានឱកាសចូលរួមប្រកួតពានកម្រិតទី២ ប្រចាំទ្វីបនេះ ប្រសិនបើការប្រកួតពានរង្វាន់ទាំងពីរមិនបញ្ចប់ការប្រកួតក្នុងឆ្នាំនេះ។
ការជូនដំណឹងនេះដោយយោងតាមស្ថានភាពជំងឺកូវីដ-១៩ បានកើតឡើងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ធ្វើឲ្យរងផលប៉ះពាល់ដល់ការប្រកួតលីគ និងពានសម្ដេចតេជោឆ្នាំ២០២១ ដែលអាចមិនបញ្ចប់ទៅដោយរលូនតាមកម្មវិធី និងដោយយោងតាមស្មារតីអង្គប្រជុំសមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្មីៗ ក្នុងករណីបើការប្រកួតពានរង្វាន់ទាំងពីរមិនអាចបញ្ចប់បាន ដូច្នេះការកំណត់ក្រុមតំណាងជាតិចូលរួមប្រកួតពានរង្វាន់ AFC Cup 2022 នឹងកំណត់៖ ទី១-ប្រសិនបើដំណើរការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ មិនបញ្ចប់ក្នុងឆ្នាំ២០២១ នោះទេ សិទ្ធិចូលរួមប្រកួតពានរង្វាន់ AFC Cup 2022 នឹងបានទៅក្រុមជើងឯកឆ្នាំ២០២០ បានន័យថា ក្រុមបឹងកេត និងក្រុមវិសាខាដែលជាក្រុមជើងឯកលីគ និងពានសម្ដេចតេជោរដូវកាលឆ្នាំ២០២០។ ទី២-ប្រសិនបើដំណើរការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ ដំណើរការចប់ទៅតាមការគ្រោងទុក សិទ្ធចូលរួមប្រកួតពានរង្វាន់ AFC Cup 2022 នឹងរក្សានៅដដែលសម្រាប់ក្រុមដែលទទួលបានជើងឯកឆ្នាំ២០២១។
គួរបញ្ជាក់ថា ក្នុងការប្រកួតពានរង្វាន់ AFC Cup 2021 ក្រុមតំណាងកម្ពុជា ២ក្រុមគឺក្រុមបឹងកេត និងវិសាខាមិនបានប្រកួតនោះទេ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីសម្រេចលុបចោល ការប្រកួតប្រចាំតំបន់អាស៊ីអាគ្នេយ៍ដោយសារវិបត្តិកូវីដ-១៩។ ក្រឡេកមកចាប់អារម្មណ៍ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ មកទល់បច្ចុប្បន្ននៅមិនទាន់បញ្ចប់ការប្រកួតជើងឯកថ្នាក់ខេត្តនោះទេ ខណៈលីគកំពូលកម្ពុជាគ្រោងត្រឡប់មកវិញ នាចុងសប្ដាហ៍នេះ ជាមួយការប្រកួតសេសសល់ក្នុងជុំទី១ បន្ទាប់ពីផ្អាកម្ដងហើយម្ដងទៀត ដោយសារការរីករាលនៃជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដបំប្លែងថ្មីដែលតា (Delta) តែម្ដង៕ អត្ថបទ៖ លី ឈុនឡា

