អ្នកចូលរួមក្នុងការជួបជុំយុទ្ធនាការបោះឆ្នោត ដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដែលសំដៅទៅលើលោកអតីតប្រធានាធិបតី Donald Trump ត្រូវបានគេកំណត់អត្តសញ្ញាណថាឈ្មោះ ខរី ខមភើរ៉េថរ (Corey Comperatore) ដែលជាអ្នកពន្លត់អគ្គីភ័យវ័យ ៥០ ឆ្នាំ និងជាឪពុករបស់កូនស្រីពីរនាក់ បានស្លាប់ដោយសារយកខ្លួនពាំងគ្រាប់កាំភ្លើងដើម្បីការពារក្រុមគ្រួសាររបស់លោកកុំឱ្យមានគ្រោះថ្នាក់។

កូនស្រីម្នាក់របស់លោកឈ្មោះនាង អាលីសុន (Allyson) បាននិយាយនៅក្នុងការបង្ហោះ ហ្វេសប៊ុក (Facebook) បន្ទាប់ពីការប៉ុនប៉ងលួចធ្វើឃាតលោក Trump នៅឯការជួបជុំមួយក្នុងរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃសៅរ៍ (១៣ កក្កដា) ថា «ឪពុករបស់នាងបានស្លាប់ក្នុងនាមជាកំពូលវីរបុរសក្នុងជីវិតពិត»។ នាងបានបន្តថា៖ «ឪពុកនាងបានរុញម្ដាយ និងបងប្អូននាងឱ្យក្រាបទៅលើដី ហើយបានយកខ្លួនពាំងគ្រាប់កាំភ្លើងដែលបានមកលើពួកគេ»។

នាងបានពិពណ៌នាឪពុករបស់នាងថាជា «ឪពុកដ៏ល្អបំផុតលើលោក» ហើយគឺជាមនុស្សម្នាក់ដែលតែងតែត្រៀមខ្លួនជាស្រេចដើម្បីជួយអ្នកដទៃ។ អភិបាលរដ្ឋ Pennsylvania លោក ចស សាភីរ៉ូ (Josh Shapiro) បានពណ៌នាលោក Comperatore ថាជាវីរបុរស ហើយបាននិយាយថា ទង់ជាតិរបស់រដ្ឋនឹងត្រូវបង្ហូតពាក់កណ្តាលដងដើម្បីចូលរួមកាន់ទុក និងបង្ហាញពីកិត្តិយសរបស់លោក។

លោក Shapiro បានហៅការបាញ់ប្រហារកាលពីថ្ងៃសៅរ៍ ដែលក្នុងនោះលោក Trump បានរងរបួសចំត្រចៀកប៉ុន្តែបានរួចរស់ជីវិត ហើយមានអ្នកទស្សនាពីរនាក់ផ្សេងទៀតបានរងរបួសថា «គួរឱ្យតក់ស្លុតសម្រាប់រដ្ឋ និងប្រទេសនេះទាំងមូល»។ យោងតាមនគរបាលរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា ជនរងគ្រោះពីរនាក់ផ្សេងទៀតត្រូវបានគេស្គាល់ថាឈ្មោះ ដេវីដ ដាច់ (David Dutch) អាយុ ៥៧ ឆ្នាំ និងឈ្មោះ ជេមស៍ ខូផិនហាវើ (James Copenhaver) អាយុ ៧៤ ឆ្នាំ៕