អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទ (១៥ កក្កដា) នេះថា ក្រុមសង្រ្គោះនៅក្នុងប្រទេសនេប៉ាល់ បានច្រានចោលឱកាសនៃការរកឃើញអ្នកនៅរស់រានមានជីវិតនៅក្នុងបំណាក់ដីកាលពីសប្តាហ៍មុន ដែលបានធ្លាក់លើរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៦៥ នាក់ចូលទៅក្នុងទន្លេដែលជោរជន់ដោយសារភ្លៀងធ្លាក់ខ្លាំង។

បុគ្គលិកសន្តិសុខរាប់រយនាក់បានបន្តប្រតិបត្តិការរុករកនៅព្រឹកថ្ងៃចន្ទ នេះដើម្បីកំណត់ទីតាំងរថយន្តក្រុង និងអ្នកដំណើរ ៥៥ នាក់ដែលនៅបាត់ខ្លួនក្នុងរយៈពេល ៧២ ម៉ោងបន្ទាប់ពីឧបទ្ទវហេតុកើតឡើង។ ក្រុមសង្រ្គោះដែលកំពុងរុករកនៅទីតាំងគ្រោះថ្នាក់កាលពីថ្ងៃសុក្រ សប្ដាហ៍មុន នៅក្នុងស្រុក ជីតវ៉ាន (Chitwan) ចម្ងាយប្រហែល ៨៦ គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានី កដ្ឋមណ្ឌូ (Kathmandu) រហូតមកដល់ពេលនេះបានរកឃើញសាកសពមនុស្សចំនួន ៧ នាក់ ក្នុងនោះមានពីរនាក់បានរកឃើញនៅថ្ងៃចន្ទនេះ។

លោក បេស រ៉ាច រីចាល់ (Bhesh Raj Rijal) មន្ត្រីនគរបាលជាន់ខ្ពស់នៅស្រុក Chitwan បាននិយាយថា «គ្មានឱកាសក្នុងការរកឃើញអ្នកនៅរស់រានមានជីវិតទេ ហើយការផ្តោតរបស់យើងគឺទៅលើការស្រង់សាកសព»។ មន្ត្រីម្នាក់បាននិយាយថា សមាជិកគ្រួសារដែលបានប្រមូលផ្តុំគ្នានៅទីតាំងស្វែងរកបានបោះបង់ក្តីសង្ឃឹមក្នុងការឃើញសាច់ញាតិដែលនៅរស់។
បំណាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់រដូវខ្យល់មូសុងបានសម្លាប់មនុស្សជាង ១០០ នាក់នៅនេប៉ាល់ ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។ ក្រោយបំណាក់ដី រដ្ឋាភិបាលបានប្រកាសពីគម្រោងហាមប្រាមរថយន្តក្រុងមិនឱ្យធ្វើដំណើរពេលយប់នៅកន្លែងដែលមានការព្យាករអាកាសធាតុមិនល្អ៕