រលកកម្ដៅដ៏ខ្លាំងក្លាដែលបានជះឥទ្ធិពលលើតំបន់ឆ្នេរសមុទ្រភាគខាងលិចរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ឥឡូវនេះកំពុងរំកិលទៅភាគខាងកើត ខណៈដែលប្រជាជនអាមេរិករាប់លាននាក់បានស្ថិតនៅក្រោមការជូនដំណឹងអំពីកម្ដៅខ្លាំងកាលពីសប្តាហ៍មុន។

យោងតាមការព្យាករដោយទីភ្នាក់ងារអាកាសធាតុ អាឃ្យូវេដើ (AccuWeather) បានឱ្យដឹងថា ជនជាតិអាមេរិកជាង ២៤៥ លាននាក់ត្រូវបានគេរំពឹងថានឹងជួបប្រទះសីតុណ្ហភាពកម្រិត ៣២ អង្សាសេនៅចន្លោះថ្ងៃអាទិត្យ និងថ្ងៃពុធ សប្តាហ៍នេះ ដោយយ៉ាងហោចណាស់មនុស្ស ៣០ លាននាក់នឹងស្ថិតនៅក្រោមសីតុណ្ហភាព ៣៨ អង្សាសេ ឬខ្ពស់ជាងនេះ។

ទីក្រុងនៅឆ្នេរសមុទ្រភាគខាងកើតដូចជា បាល់ទីម័រ (Baltimore) និង វ៉ាស៊ីនតោន (Washington) នឹងឡើងដល់ ៣៨ អង្សាសេនៅថ្ងៃអង្គារនេះ ខណៈសីតុណ្ហភាពនៅភាគខាងលិចត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់កម្រិតមធ្យមធម្មតាក្នុងរដូវក្តៅ។ ទីក្រុងញូវយ៉ក (New York) ត្រូវបានគេរំពឹងថានឹងមានសីតុណ្ហភាពខ្ពស់រហូតដល់ ៣៥ អង្សាសេនៅថ្ងៃអង្គារ ជាមួយនឹងសន្ទស្សន៍កម្ដៅដែលបានព្យាករនៅចន្លោះ ៣៥-៣៨អង្សាសេ ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ខណៈតំបន់មួយចំនួនជុំវិញទីក្រុង និងលើសពីនេះអាចរំពឹងថានឹងមានសន្ទស្សន៍កម្ដៅរហូតដល់ ៤០អង្សាសេ។

ការស្លាប់ទាក់ទងនឹងកម្ដៅចំនួន ៣៧ ករណីនៅសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍មកទល់ពេលនេះនៅក្នុងខែកក្កដា ឆ្នាំ២០២៤ ដែលទំនងជាកើនឡើងបន្តទៀត ដោយសារតែគេត្រូវការពេលវេលាយូរសម្រាប់ការស៊ើបអង្កេតលើការស្លាប់៕