ក្រសួងការបរទេសស៊ីរី និងជនបរទេស បានព្រមានកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រាអែល លើទឹកដីស៊ីរី អាចនាំឲ្យមានផលវិបាកដែលមិនអាចគ្រប់គ្រងបាន និងផលប៉ះពាល់ធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ទៅលើសង្កាត់លំនៅឋានមួយ ក្នុងរដ្ឋធានីដាម៉ាស( Damascus) និងទីតាំងយោធារបស់ប្រទេសស៊ីរី ក្រសួង បានបញ្ជាក់ជាថ្មីអំពីសិទ្ធិស្របច្បាប់របស់ប្រទេសស៊ីរី ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន និងរំដោះទឹកដីរបស់ខ្លួន តាមរយៈគ្រប់មធ្យោបាយស្របច្បាប់ ដែលធានាដោយច្បាប់អន្តរជាតិ។
ក្រសួង បានព្រមានប្រឆាំងនឹងការកើនឡើងនៃការវាយប្រហាររបស់អ៊ីស្រាអែល លើទឹកដីស៊ីរី ដោយបន្ថែមថា ភាពស្ងៀមស្ងាត់ជាអន្តរជាតិទាក់ទងនឹងការវាយប្រហារបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពនៃប្រព័ន្ធអន្តរជាតិ ក្នុងការប្រឈមមុខនឹងការរំលោភលើធម្មនុញ្ញ និងច្បាប់អន្តរជាតិរបស់ខ្លួន។

ការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងដាម៉ាស មួយថ្ងៃមុននេះ បានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ក្នុងចំណោមយោធាស៊ីរី និងការបាញ់ប្រហារនៅតំបន់គោលដៅ ដូចដែលបានរាយការណ៍ដោយក្រសួងការពារជាតិស៊ីរី និងប្រភពពាក់ព័ន្ធ។
ក្រសួងការពារជាតិ បាននិយាយថា បុគ្គលិកយោធាម្នាក់ ត្រូវបានសម្លាប់ និងបីនាក់ផ្សេងទៀត បានរងរបួសក្នុងអំឡុងពេលវាយប្រហារនោះ។