បាល់ទាត់៖ គ្រូបង្វឹកក្រុមជំរើសជាតិបារាំង លោក Didier Deschamps បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៣នាក់សំរាប់ការប្រកួតជំរុះ World Cup របស់បារាំងនៅខែកញ្ញាខាងមុខតែមិនមានវត្តមាន Olivier Giroud ឡើយ។

នេះជាការប្រកាសបញ្ជីឈ្មោះលើកដំបូងតាំងពីបារាំងធ្លាក់នៅវគ្គ ១៦ក្រុមចុងក្រោយ Euro ២០២០ ក្រោមថ្វីជើងស្វ៊ីស ខណៈលោក Didier Deschamps ក៏បានកោះហៅកីឡាករ ៤នាក់ថ្មីដែលមិនធ្លាប់កោះហៅពីមុនមកផងដែររួមមាន Theo Hernandez, Aurelien Tchouameni, Jordan Veretout និង Moussa Diaby។ ចំណែកខ្សែប្រយុទ្ធ Paris Saint Germain, Kylian Mbappe ក៏ត្រូវបានកោះហៅដែរ ទោះជាអនាគតរបស់គេនៅទីក្រុងប៉ារីសកំពុងស្រពិចស្រពិលក្តី ស្របពេលការចរចាផ្ទេរទៅ Real Madrid កំពុងដំណើរការ។
ក្រុមបារាំងនឹងត្រូវជួបជាមួយបូស្នៀនៅថ្ងៃទី១ ខែកញ្ញា មុនបន្តជួបអ៊ុយក្រែនថ្ងៃទី៤ និងចុងក្រោយជួបហ្វាំងឡង់ ថ្ងៃទី៧។ បារាំងស្ថិតនៅក្នុងពូល D នៃវគ្គជំរុះ World Cup ២០២២ ដោយកំពុងឈរលើគេក្នុងពូលមាន ៧ពិន្ទុតាមពីក្រោយអ៊ុយក្រែនមាន ៣ពិន្ទុលេងបាន ៣ដងដូចគ្នា, លេខ៣ ហ្វាំងឡង់ ២ពិន្ទុ, បូស្នៀ ១ពិន្ទុ និងកាហ្សាក់ស្ថាន ១ពិន្តុ (បីក្រុមខាងក្រោយនេះលេងបាន ២ប្រកួតដូចគ្នា)៕
អត្ថបទ៖នាង សុភាវុធ