រដ្ឋមន្ត្រីការបរទេសទួរគី លោក ហាកាន ហ្វីដាន( Hakan Fidan) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសទួរគី បានចេញការអំពាវនាវកម្រិតខ្ពស់មួយសម្រាប់ការធ្វើប្រក្រតីភាពជាមួយប្រទេសស៊ីរីឡើងវិញ ដោយបញ្ជាក់ពីសារៈសំខាន់បំផុតរបស់ខ្លួន និងបង្ហាញក្តីសង្ឃឹមសម្រាប់ការឆ្លើយតបជាវិជ្ជមានពីប្រទេសស៊ីរី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ រួមជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីតដែលកំពុងបំពេញទស្សនកិច្ច លោក Faisal bin Farhan Al Saud នៅទីក្រុងអ៊ីស្តង់ប៊ុល លោក ហ្វីដាន បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលស៊ីរី នឹងទទួលយកការអំពាវនាវរបស់ប្រទេសទួរគី ដើម្បីសន្តិភាព។

លោក បានធ្វើការអត្ថាធិប្បាយថា៖«បរិយាកាសបច្ចុប្បន្ននៅក្នុងតំបន់ផ្តល់អាទិភាពដល់សន្តិភាព និងស្ថិរភាព។ មានកម្លាំងរុញច្រានយ៉ាងខ្លាំងក្លា ដែលជំរុញឲ្យយើងបន្តស្វែងរកសន្តិភាពយ៉ាងសកម្ម» ដោយបានគូសបញ្ជាក់ពីការអំពាវនាវកម្រិតខ្ពស់ដ៏សំខាន់របស់ប្រធានាធិបតីទួរគី ដើម្បីសន្តិភាព។
លោកបានសង្កត់ធ្ងន់ថា៖ «ការអំពាវនាវនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយខ្ញុំសង្ឃឹមថា វានឹងមានប្រតិកម្ម និងទទួលបានការឆ្លើយតបជាវិជ្ជមាន»។
នាកន្លងទៅ លោកប្រធានាធិបតីទួរគី រ៉េសិប តាយីប អឺរដូហ្កាន់ ( Recep Tayyip Erdogan) បានសង្កត់ធ្ងន់ថា គ្មានហេតុផលណាដែលមិនត្រូវស្តារទំនាក់ទំនងជាមួយស៊ីរីឡើងវិញទេ ដោយបញ្ជាក់ថា «ដូចដែលយើងធ្លាប់បានសហការគ្នាក្នុងការជំរុញទំនាក់ទំនងរបស់យើងជាមួយស៊ីរី យើងនឹងបន្តរួមគ្នាក្នុងលក្ខណៈស្រដៀងគ្នានេះ»។