ប្រទេសអ៊ីរ៉ាក់ ហ្ស៊កដានី និងអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានថ្កោលទោសចំពោះការកំណត់គោលដៅរបស់ជន ស៊ីវិលដែលភៀសខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៩០នាក់ ដែលពាក់កណ្តាលនៃពួកគេ ជាស្ត្រី និងកុមារ នៅក្នុងជម្រកជនភៀសខ្លួន នៅក្នុងទីក្រុងខាន់ យូនីស ភាគខាងត្បូងនៃតំបន់ហ្កាហ្សា។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់ លោក បាស៊ីម អាល់អាវ៉ាឌី ( Basim al-Awadi) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីសង្គ្រាម ៩ខែ នៅលើតំបន់ហ្កាហ្សាថា៖«ការសម្លាប់រង្គាលនៃការឈ្លានពានដ៏ឃោរឃៅ នៅតែបន្ត ជាមួយនឹងអំពើឃោរឃៅចុងក្រោយបំផុត បានឆក់យកជីវិតកុមារ និងស្ត្រីស្លូតត្រង់រាប់សិបនាក់»។

សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា៖«យើងបន្តការអំពាវនាវរបស់យើងសម្រាប់សហគមន៍អន្តរជាតិ និងមហាអំណាចធំៗឲ្យទទួលខុសត្រូវរបស់ពួកគេ ទាក់ទងនឹងការបន្តការឈ្លានពានដោយគ្មានខ្លាចញញើតរបស់អង្គភាពនេះ (អ៊ីស្រាអែល) ដែលចាត់ទុកខ្លួនឯងថា នៅពីលើច្បាប់អន្តរជាតិ និងយុត្តិធម៌»។
លោក អាល់អាវ៉ាឌី ក៏បាននិយាយផងដែរថា ចាំបាច់ត្រូវមានសកម្មភាពជាបន្ទាន់ ដើម្បីជួយសង្គ្រោះប្រជាជនប៉ាឡេស្ទីនពី «ការស្រេកឃ្លាន ការសម្លាប់ជាប្រព័ន្ធ និងការព្យាយាមបង្ខំពួកគេឲ្យចេញពីទឹកដីរបស់ខ្លួន ក៏ដូចជាការផ្តល់ជំនួយចាំបាច់ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងអាហារ ដើម្បីបំពេញតម្រូវការមនុស្សធម៌របស់ពួកគេ។