ប្រជាជនរាប់ម៉ឺននាក់មកពីរដ្ឋ Sinnar នៅប្រទេសស៊ូដង់ភាគកណ្តាល កំពុងភៀសខ្លួនទៅកាន់រដ្ឋ Gedaref ភាគខាងកើត ដើម្បីគេចពីជម្លោះប្រដាប់អាវុធដែលកាន់តែខ្លាំងឡើង នាពេលថ្មីៗនេះ រវាងកងទ័ព និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស(RSF)។ នេះបើយោងតាមអាជ្ញាធរក្នុងតំបន់។

លោក Mohamed Adam Mohamed មកពីគណៈកម្មាការជំនួយមនុស្សធម៌នៅរដ្ឋ Gedaref បានប្រាប់ សារព័ត៌មានស៊ីនហួ កាលពីថ្ងៃសៅរ៍ថា៖«មនុស្សជាង ១៣៥.000 នាក់ ត្រូវបានផ្លាស់ទីលំនៅពីរដ្ឋ Sinnar ទៅកាន់រដ្ឋ Gedaref ជាកន្លែងដែលយើងបានបង្កើតជម្រកសង្គ្រោះបន្ទាន់មួយ ដើម្បីឲ្យពួកគេស្នាក់នៅ»។

លោក Ahmed Al-Amin Adam រដ្ឋមន្ត្រីសុខាភិបាលរបស់រដ្ឋ Gedaref ក៏បានបញ្ជាក់ផងដែរថា អាជ្ញា ធររដ្ឋ បានបង្កើតមជ្ឈមណ្ឌលជម្រកដ៏សំខាន់មួយ ដើម្បីទទួលប្រជាជនដែលភៀសខ្លួន ចេញពីជម្លោះក្នុងរដ្ឋ Sinnar ដោយបន្ថែមថា ប្រជាជនជិត ១០០ គ្រួសារ ត្រូវស្នាក់នៅក្នុងជម្រកនេះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកផ្លាស់ទីលំនៅជាច្រើន បានត្អូញត្អែរពីការលំបាក ដែលពួកគេជួបប្រទះនៅមជ្ឈមណ្ឌលជម្រកនៅក្នុងរដ្ឋ Gedaref រួមទាំងកង្វះទឹក បរិយាកាសកាន់តែយ៉ាប់យ៉ឺន ដោយសារការចាប់ផ្តើមរដូវវស្សា និងការរីករាលដាលនៃជំងឺដែលអាចកើតមានដោយសត្វល្អិត ដូចជាមូស និងរុយជាដើម។
លោក Makka Ali អាយុ ៦៩ឆ្នាំ បានភៀសខ្លួនចេញពីតំបន់ Jabal Muya នៃរដ្ឋ Sinnar ទៅកាន់រដ្ឋGedaref ដោយថ្មើរជើង ក្នុងរយៈពេលបីថ្ងៃ។ គាត់បានប្រាប់សារព័ត៌មានស៊ីនហួថា៖«យើងបានបាត់បង់អ្វីៗទាំងអស់ ហើយយើងត្រូវតែត្រូវបានផ្តល់ឲ្យនូវសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាពរស់នៅ»។