
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានថ្កោលទោសចំពោះ «គោលការណ៍ណែនាំសម្រាប់ការទប់ស្កាត់អាវុធនុយក្លេអ៊ែរ និងប្រតិបត្តិការនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ» ដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចុះហត្ថលេខា កាលពីដើមសប្តាហ៍មុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) កូរ៉េខាងជើង បាននិយាយថា កងកម្លាំងយោធារបស់ប្រទេសនេះ «នឹងធានាសន្តិសុខជាតិតាមគ្រប់មធ្យោបាយ ជាមួយនឹងការត្រៀមលក្ខណៈទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរដ៏មានឥទ្ធិពលរបស់ខ្លួន»។

កូរ៉េខាងជើង បានថ្កោលទោសចំពោះគោលការណ៍ណែនាំនុយក្លេអ៊ែរ ដែលមានគោលបំណង«បង្កើនការត្រៀមរៀបចំសម្រាប់សង្គ្រាមនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើង» ដោយការរួមបញ្ចូលនៃកងកម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងកងកម្លាំងធម្មតារបស់កូរ៉េខាងត្បូង ដោយនិយាយថា វានឹង«ជំរុញភាពតានតឹងផ្នែកយោធាក្នុងតំបន់ ឲ្យដល់កម្រិតខ្លាំងបំផុត»។
សារព័ត៌មាន KCNA បាននិយាយថា ការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយកងកម្លាំងសត្រូវ និងបរិយាកាសសន្តិសុខ ក្នុងតំបន់ដ៏គ្រោះថ្នាក់ «ទាមទារជាបន្ទាន់ឲ្យកូរ៉េខាងជើងកែលម្អការត្រៀមខ្លួនទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត និងបន្ថែមធាតុសំខាន់ៗទៅក្នុងសមាសភាពនៃការទប់ស្កាត់នេះ»។