បាល់ទាត់៖ ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានប្រកាសច្បាស់ពីជំហររបស់ខ្លួនថា នឹងមិនចាកចេញពី Tottenham Hotspur ឡើយរដូវក្តៅនេះហើយនឹងការប្តេជ្ញាចិត្ត ១០០% ជាមួយ Spurs។

Manchester City គឺជាក្លិបឈានមុខគេក្នុងការចរចានាំយកកីឡាករវ័យ ២៨ឆ្នាំរូបនេះទៅកាន់កីឡដ្ឋាន Etihad តែក្រោយមកប្រធានក្លិប Spurs លោក Daniel Levy បានបដិសេធមិនទទួលការចរចានេះ។ Harry Kane បានសរសេរនៅលើបណ្តាញសង្គមថា បន្ទាប់ពីបានឃើញនូវការស្វាគមន៍ពីអ្នកគាំទ្រប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេបានសំរេចចិត្តហើយថានឹងមិនចាកចេញទៅណាឡើយក្នុងរដូវក្តៅនេះ និងផ្តោតអារម្មណ៍ ១០០% ដើម្បីនាំភាពជោគជ័យមកឱ្យក្រុមរដូវកាលនេះ។
ចំណែកលោក Pep Guardiola ក៏បាននិយាយដែរថា ច្បាស់ណាស់ថា Manchester City ចង់បាន Kane តែបើ Spurs បដិសេធមិនចរចាហើយ គ្មានអ្វីនិយាយបន្តទៀតឡើយ។ បន្ទាប់ពីប្រកួតដំបូងអវត្តមានពេលឈ្នះ Manchester City ១-០ Harry Kane បានចូលលេងប្រកួតទីពីរ តែជាកីឡាករបម្រុងនៅពេលយកឈ្នះនៅទឹកដី Wolves ១-០៕
អត្ថបទ៖នាង សុភាវុធ