ការិយាល័យប្រធានាធិបតីអេស្តូនី នៅថ្ងៃចន្ទ (ទី១៥ ខែកក្កដា) នេះ បាននិយាយថា លោកស្រីនាយករដ្ឋមន្ត្រី Kaja Kallas បានដាក់ពាក្យលាលែងពីតំណែងហើយ ដើម្បីទៅកាន់តំណែងជាប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU)។
លោកស្រី Kallas បានដឹកនាំគណបក្សសេរីនិយមរបស់លោកស្រី គឺគណបក្សកំណែទម្រង់ (Reform Party) ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល នៅឆ្នាំ២០១៩ និងឆ្នាំ២០២៣ ហើយបានដឹកនាំរដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០២១ មក។
ទូរទស្សន៍សាធារណៈ ERR របស់អេស្តូនី បានរាយការណ៍ថា លោកស្រីនឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះរបស់អេស្តូនី រហូតដល់រដ្ឋាភិបាលបន្ទាប់ ត្រូវបានបញ្ជាក់នៅដើមខែសីហា។
គួរបញ្ជាក់ថា គណបក្សកំណែទម្រង់ បានជ្រើសរើសរដ្ឋមន្ត្រីក្រសួងអាកាសធាតុ លោក Kristen Michal ឲ្យកាន់តំណែងនាយករដ្ឋមន្ត្រីបន្ទាប់ ដោយរង់ចាំការចរចា ដើម្បីកំណត់រចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រីឡើងវិញជាមួយដៃគូរដ្ឋាភិបាលចម្រុះរបស់ខ្លួន គឺគណបក្សសេរីនិយម Estonia 200 និងសង្គមប្រជាធិបតេយ្យ។ គណបក្សរបស់លោកស្រី Kallas នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៨ ខែកញ្ញា៕