ក្រុមនគរបាល និយាយថា គ្រាប់បែកក្នុងរថយន្ត បានផ្ទុះឡើងនៅក្រៅភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលីកាលពីយប់ថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ៥នាក់ និងមនុស្ស ២០នាក់ផ្សេងទៀត រងរបួស ពេលដែលក្រុមអ្នកគាំទ្រ មើលការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ Euro 2024 តាមកញ្ចក់ទូរទស្សន៍ ហើយពួកគេបានថ្កោលទោសក្រុមបះបោរអ៊ីស្លាម ។
អ្នកធ្វើសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និយាយថា ការផ្ទុះគ្រាប់បែកនេះ បានបំផ្លាញរថយន្ត ១០គ្រឿង និងធ្វើឲ្យខូចខាតដល់អគារជាច្រើនខ្នង នៅក្នុងតំបន់ដែលមានការយាមកាមយ៉ាងតឹងរឹងជិតវិមានប្រធានាធិបតី ។
ដោយឡែក ក្រុមជីវពល Al Shabaab បានប្រកាសទទួលស្គាល់ការវាយប្រហារនេះ ដោយពួកគេនិយាយថា ការបំផ្ទុះគ្រាប់បែកខាងលើ មានគោលដៅលើទីតាំងរបស់កងកម្លាំងសន្តិសុខ និងកម្មកររដ្ឋាភិបាល ដែលជួបជុំគ្នានៅពេលយប់ ។
សូមបញ្ជាក់ថា ក្រុមអ៊ីស្លាម Al Shabaab ដែលធ្លាប់គ្រប់គ្រងតំបន់ជាច្រើននៅក្នុងប្រទេសសូម៉ាលី បានធ្វើសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំមកហើយជាមួយកងកម្លាំងរដ្ឋាភិបាល ៕