កាលពីថ្ងៃអាទិត្យម្សិលមិញ អតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយថា មានតែក្រុមអភិរក្សនិយមមួយគត់ដែលត្រូវបានគេវាយប្រហារ ហើយលោកបានរំឭកដល់ការវាយប្រហារចាក់កាំបិតផ្ទាល់ខ្លួនរបស់លោកកាលពីឆ្នាំ ២០១៨ ក្រោយលោក Donald Trump ត្រូវបានគេវាយប្រហារ អំឡុងពិធីជួបជុំគ្នាកាលពីថ្ងៃសៅរ៍ ។
ថ្លែងពីទីក្រុង Sao Paulo អតីតមេដឹកនាំនិយមស្តាំរូបនេះ បានរំឭកដល់ការវាយប្រហារដែលរូបលោកទទួលរងកាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅរដ្ឋ Minas Gerais ពេលដែលរូបលោកត្រូវបានគេចាក់ចំពោះ អំឡុងចុះយុទ្ធនាការ ។
កាលពីខែមិថុនា នគរបាលសហព័ន្ធប្រេស៊ីល បានបញ្ចប់ការស៊ើបអង្កេតថ្មីជុំវិញករណីមួយនេះ ហើយពួកគេបានកំណត់ដូចការស៊ើបអង្កេតលើកមុនៗថា ការវាយប្រហារនេះ មានជនល្មើសតែម្នាក់ប៉ុណ្ណោះ ដោយច្រានចោលទស្សនៈរួមគំនិតដែលត្រូវបានលើកឡើងដោយអតីតប្រធានាធិបតីរូបនេះ ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Trump ត្រូវបានខ្មាន់កាំភ្លើងបាញ់ត្រូវត្រចៀកស្តាំ អំឡុងពិធីជួបជុំគ្នានៅរដ្ឋ Pennsylvania គឺជាករណីមួយដែលក្រុមអាជ្ញាធរ ចាត់ទុកថាជាការប៉ុនប៉ងធ្វើឃាត ៕