អាហ្វហ្គានីស្ថាន៖ មានការចូលរួមរំលែកទុក្ខ និងការថ្កោលទោសពីមេដឹកនាំពិភពលោក បន្ទាប់ពីការបំផ្ទុះគ្រាប់បែក ២លើកនៅខាងក្រៅអាកាសយានដ្ឋានក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងរបួស។

ពួកតាលីបង់ដែលជាអ្នកគ្រប់គ្រងតាមព្រឹត្តិន័យរបស់អាហ្វហ្គានីស្ថាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតលើការវាយប្រហារនេះហើយ។ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារភេរវកម្មរដ្ឋអ៊ីស្លាមបានសម្លាប់ទាហានអាមេរិកយ៉ាងតិច ១៣នាក់ និងរបួស ១៨នាក់ទៀត។ ជនស៊ីវិលអាហ្វហ្គានីស្ថានប្រមាណ ៩០នាក់ត្រូវបានសម្លាប់។ ភ្លាមៗក្រោយការវាយប្រហារ លោកប្រធានាធិបតីអាមេរិកប្ដេជ្ញាសងសឹកក្រុមភេរវករ ដែលបានសម្លាប់កងទ័ពរបស់លោក។ ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្កោលទោសចំពោះ “ការវាយប្រហារដ៏កំសាក និងអមនុស្សធម៌” នៅលើបណ្តាញសង្គមធ្វីតធ័រដោយបានបន្ថែមថា“ វាជារឿងសំខាន់ខ្លាំងណាស់ ក្នុងការធ្វើយ៉ាងណាធានាសុវត្ថិភាពរបស់ប្រជាជននៅព្រលានយន្តហោះ”។ លោកស្រីបានបន្ថែមថា “សហគមន៍អន្តរជាតិត្រូវតែធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីចៀសវាងការកើតឡើងវិញនៃអំពើភេរវកម្មនៅអាហ្វហ្គានីស្ថាន និងនៅកន្លែងផ្សេងទៀត”។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏បានសម្ដែងការខឹងសម្បា និងសោកស្ដាយផងដែរ។ ដោយសរសេរនៅលើបណ្ដាញធ្វីតធ័រ ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មដ៏រន្ធត់ នៅខាងក្រៅអាកាសយានដ្ឋានកាលប៊ុល។ គំនិតរបស់ខ្ញុំគឺនៅជាមួយអ្នកដែលរងផលប៉ះពាល់ និងមនុស្សជាទីស្រលាញ់របស់ពួកគេ។ អាទិភាពរបស់យើងគឺការជម្លៀសប្រជាជនឱ្យបានច្រើន ដើម្បីសុវត្ថិភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ក្រៅពីនេះនៅមានប្រធានាធិបតីបារាំង Emmanuel Macron ក៏ដូចជាមេដឹកនាំពិភពលោកជាច្រើនទៀតដែលបានថ្កោលទោស ការវាយប្រហារលើអាកាសយានដ្ឋានកាប៊ុល ស្របពេលដែលការជម្លៀសនៅតែបន្ត ខណៈពេលវេលាកំណត់ថ្ងៃ៣១ ខែសីហាកាន់តែជិតដល់៕
អត្ថបទ៖ សុខមាន