កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកកំពង់លែងបញ្ជាក់ថា ការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធលឿន និងធ្វើអោយពលរដ្ឋស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សំដែងនូវការសប្បាយចិត្តខ្លាំង ក្រោយពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអោយក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅស្រុកកំពង់លែង ជូនប្រជាពលរដ្ឋបានលឿនលើសពីការរំពឹងទុកក្នុងដំណាក់កាលទី២ និងកំពុងបន្តទៅដំណាក់កាលទី៣ទៀត។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានបន្តថា៖ ក្រុមការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅក្នុងស្រុកកំពង់លែង កំពុងមមាញឹកចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាពន្លឿនការចុះបញ្ជីដីធ្លីក្ខណៈប្រព័ន្ធនៅក្នុងស្រុកកំពង់លែងនេះ អោយរួចរាល់តាមការគ្រោងទុក ។ ចំណែកប្រជាពលរដ្ឋស្រុកកំពង់លែង មានចិត្តសប្បាយរីករាយខ្លាំង ដោយសារតែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលថ្មីៗកន្លងមកនេះ បានជំរុញបន្ថែមដល់ក្រសួងដែនដី អោយពន្លឿនការចុះបញ្ជីជាលក្ខណៈប្រព័ន្ធអោយបានលឿន ដើម្បីគ្រប់គ្រងដីធ្លីអោយបានច្បាស់លាស់ ហើយក្នុងការចុះបញ្ជីដីធ្លីនេះ មិនមានបញ្ហាទំនាស់អ្វីដែលលំបាកដោះស្រាយឡើយ។
លោក សុខ សម្បត្តិ ប្រធានក្រុមការងារចុះដីធ្លីជាលក្ខណៈប្រព័ន្ធក្នុងស្រុកកំពង់លែងបានថ្លែងថា៖ ក្នុងរយៈពេលប្រមាណជាង៣ខែ ដែលក្រុមការងារអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានបំពេញបេសកកម្មរបស់ខ្លួនលើទឹកដីស្រុកកំពង់លែងនោះ បានអនុវត្តជា២ដំណាក់កាល ហើយក្នុងដំណាក់កាលពីទី២ គឺដំណាក់កាលចុះវាស់វែង កំណត់ព្រំ ។ ការចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធនៅស្រុកកំពង់លែងនេះបានដំណើរការលឿន ដោយសារមានកិច្ចសហការបានល្អជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ និងបានចូលរួមនៅគ្រប់ដំណាក់នៃការអនុវត្តកម្មវិធីចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ៕ ដោយ ៖ កាំង ហុងវាស្នា






