សៀមរាប៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ប្រធានអនុគណ:កម្មាការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឆ្លងការងារខ្លឹមសារប្រវត្តិសាស្រ្ត របស់រដ្ឋបាលខេត្តទាំង៤ ( កំពង់ធំ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ ) សម្រាប់រៀបចំចម្លាក់នៅស្តូបឈ្នះ ឈ្នះ អន្លង់វែងក្នុងខេត្តឧត្តរមានជ័យ។
ឯកឧត្តមទេសរដ្ឋមន្រ្តី រំលេចថា គិតមកដល់ពេលនេះ ការងារសាងសង់ស្តូបឈ្នះ ឈ្នះអន្លង់វែងសម្រេចបាន៥២ភាគរយ និងតួស្តូបសម្រេចបាន ១០០ភាគរយ ហើយក្រុមការងារខ្លឹមសារបានខិតខំស្វែងរកនូវប្រភពឯកសារ តឹកតាងចាស់ៗ សម្រាប់តាក់តែងនូវខ្លឹមសារឱ្យឃើញគុណតម្លៃនយោបាយឈ្នះ ឈ្នះ និងវឌ្ឍនភាពសង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីការខិតខំរបស់ស្ថាបនិកនយោបាយឈ្នះ ឈ្នះ និងជាស្មារតីរួមគ្នាថែរក្សាសន្តិភាព។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមការងារទាំងអស់ត្រូវបន្តសិក្សាលើសិក្សាលើព្រឹត្តិការណ៍ការពារបូរណភាពទឹកដីចន្លោះឆ្នាំ២០០៨ ដល់ ២០១១ សមិទ្ធផលរបស់សមាគមអតីតយុទ្ធជនកម្ពុជា, គណៈកម្មការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ប្រវត្តិនៃការបង្កើតខេត្ត អត្តសញ្ញាណ សមទ្ធិផលរបស់ខេត្តទាំង០៤ ដើម្បីចម្លាក់តាមជញ្ជាំងស្តូបឈ្នះ ឈ្នះ អន្លង់វែង ដោយសហការជាមួយ ក្រុមការងារសាងសង់លើការកំណត់ទំហំខ្នាតចម្លាក់ និងខ្លឹមសារសេចក្តីពន្យល់។
ឯកឧត្តម ប្រធានអនុគណ:កម្មាការ បានថ្លែងការកោតសរសើរអនុគណ:កម្មាការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង មេបញ្ជាការកងពល យោធភូមិភាគ តំបន់ប្រតិបត្តិការសឹករង និងរដ្ឋបាលខេត្តទាំង០៤ ព្រមទាំងសហការី ដែលបានខិតខំប្រឹងប្រែងរៀបចំស្តូបឈ្នះ ឈ្នះ អន្លង់វែង និងសួនតេជោសន្តិភាព ដើម្បីធ្វើយ៉ាងណាឱ្យអត្ថន័យ និងគុណតម្លៃនយោបាយឈ្នះឈ្នះ បានជ្រួតជ្រាបសុសសាយទៅដល់គ្រប់ស្រទាប់មហាជន និងមានលក្ខណៈបន្តវេន ក្នុងន័យចូលរួមថែររក្សាអភិរក្សនិងអភិវឌ្ឍន៍នយោបាយ ឈ្នះឈ្នះទៅជាមេរៀន និងបទពិសោធ សម្រាប់សាធារណជនទូទៅយកទៅអនុវត្តលើគ្រប់វិស័យ ដើម្បីវឌ្ឍនភាពសង្គមប្រកបដោយចីរភាព សុខដុម និងការអភិវឌ្ឍយូរអង្វែង។







