ក្រុមគ្រួសារនៅសហគមន៍ Busa Buji ស្ថិតក្នុងរដ្ឋភាគកណ្តាល Plateau ប្រទេសនីហ៊្សេរីយ៉ា បានចាប់ផ្តើមបញ្ចុះមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលបានស្លាប់ក្នុងហេតុការណ៍បាក់អគារសាលារៀន ។
គួរឲ្យដឹងថា មនុស្ស ២២នាក់ បានស្លាប់ ក្រោយអគារកម្ពស់២ជាន់នៅសាលាបណ្ឌិតសភា Saints បានបាក់កាលពីថ្ងៃសុក្រ ទី ១២ ខែកក្កដាកន្លងទៅ ។
លោក Musa Ashoms គឺជាស្នងការទទួលបន្ទុកព័ត៌មាន និងទំនាក់ទំនងនីហ៊្សេរីយ៉ា បានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ បានកើនឡើងដល់ ២២នាក់ ហើយអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ លោកថា ស្ថានភាពបច្ចុប្បន្នមនុស្ស ១៥៤នាក់ ត្រូវបានសង្រ្គោះចេញពីគំនរអគារ ។
លោក Victor Dennis មានកូន ៥នាក់ បានចុះឈ្មោះរៀននៅសាលារៀនមួយនេះ ។ លោកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកបាត់បង់កូនម្នាក់ក្នុងចំណោមពួកគេ ។
ក្មេងបរុស Emmanuel Dennis វ័យ ១២ឆ្នាំ ស្ថិតនៅក្នុងចំណោមជនរងគ្រោះ ដែលត្រូវបានយកទៅបញ្ចុះនៅទីស្មសាន Jos Zaria Road ។
លោកបាននិយាយថា លោកបានធ្វើដំណើរទៅទីនោះ ដើម្បីមើលអគារបាក់ ដែលជាអគារកម្ពស់ ២ជាន់ ។ កូនប្រុសរបស់លោកមានរបួសក្បាល ហើយលោកបានឃើញសាកសពកូនប្រុសរបស់លោកនៅសាលតម្កល់សព ៕