ប្រធានគណបក្សសង្គមនិយម (PS) នៅថ្ងៃចន្ទ (ទី១៥ ខែកក្កដា) បាននិយាយថា បណ្ដាគណបក្សឆ្វេងនិយមរបស់ប្រទេសបារាំង នៅតែមានគម្រោងបង្កើតរដ្ឋាភិបាលរួមមួយ បន្ទាប់ពីពួកគេបានលេចឡើងក្នុងនាមជាក្រុមដ៏ធំបំផុតជាងគេនៅក្នុងសភា ក្រោយការបោះឆ្នោតមុនអាណត្តិ ប៉ុន្តែកិច្ចព្រមព្រៀងណាមួយ ទំនងជាមិនកើតឡើងក្នុងសប្តាហ៍នេះនោះទេ។
ដោយនិយាយយោងទៅកាលបរិច្ឆេទដែលរដ្ឋសភាជាប់ឆ្នោតថ្មីត្រូវកោះប្រជុំជាលើកដំបូង លោក Olivier Faure បានប្រាប់ទូរទស្សន៍ France 2 ថា៖ «គ្មានអ្វីនឹងកើតឡើងមុនថ្ងៃទី១៨ ខែកក្កដានោះឡើយ»។
គួរបញ្ជាក់ថា គណបក្សរណសិរ្សឆ្វេងនិយមថ្មី (NPF) ដែលជាការចងសម្ព័ន្ធភាពយ៉ាងប្រញាប់ប្រញាល់ ដោយមានចាប់ពីគណបក្សសង្គមនិយម (Socialist) និង Greens រហូតដល់គណបក្សកុម្មុយនីស្ត (Communist) និងឆ្វេងនិយម គឺគណបក្ស LFI (La France Insoumise) បានឈ្នះការបោះឆ្នោតសភា កាលពីដើមខែនេះ ប៉ុន្តែបានខ្វះសំឡេងភាគច្រើនដាច់ខាត។
តែយ៉ាងណាក្ដី លោក Faure បាននិយាយថា៖ «កុំបារម្ភអី! យើងនឹងត្រូវការពេលវេលា»។ ការអត្ថាធិប្បាយរបស់លោក បានកើតឡើងបន្ទាប់ពីរយៈពេលមួយសប្ដាហ៍នៃកិច្ចពិភាក្សាដែលគ្មានផ្លែផ្កា នៅក្នុងប្លុកនេះ។
សូមបញ្ជាក់បន្ថែមថា បន្ទាប់ពីការឈ្នះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ពួកគេ កាលថ្ងៃទី៧ ខែកក្កដា លោក Faure និងមេដឹកនាំផ្សេងទៀត បាននិយាយថា ពួកគេបានត្រៀមខ្លួនបង្កើតរដ្ឋាភិបាល ហើយនឹងស្នើឈ្មោះបេក្ខជន សម្រាប់កៅអីនាយករដ្ឋមន្រ្តី ក្នុងរង្វង់ប៉ុន្មានថ្ងៃខាងមុខ។ តែមិនមានការវិវត្តន៍ល្អប្រសើរណាមួយ បានកើតឡើងនោះឡើយ ចាប់តាំងពីពេលនោះមក៕