រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃចន្ទ (ទី១៥ ខែកក្កដា) បាននិយាយថា ប្រទេសប៉ាគីស្ថានគ្រោងនឹងហាមឃាត់គណបក្ស Pakistan Tehreek-e-Insaf (PTI) របស់អតីតនាយករដ្ឋមន្ត្រី លោក Imran Khan។
លោករដ្ឋមន្ត្រី Attaullah Tarar បាននិយាយថា ការសម្រេចនេះ គឺផ្អែកលើកត្តាមួយចំនួន ក្នុងនោះរួមទាំងការចោទប្រកាន់ដែលបង្ហាញថា គណបក្ស PTI របស់លោក Khan បានទទួលមូលនិធិបរទេសពីប្រភពខុសច្បាប់ នៅក្នុងប្រទេសប៉ាគីស្ថាន ក៏ដូចជាការធ្វើកុបកម្មដោយថ្នាក់ដឹកនាំ និងអ្នកគាំទ្ររបស់គណបក្សនេះ កាលពីឆ្នាំមុន ដែលបានកំណត់គោលលើទីតាំងយោធា។
អមដោយការនិយាយថា ករណីនេះនឹងបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រី និងតុលាការកំពូល ប្រសិនបើចាំបាច់ លោក Tarar បាននិយាយថា៖ «រដ្ឋាភិបាលសហព័ន្ធនឹងចាត់វិធានការផ្លូវច្បាប់ ដើម្បីហាមឃាត់គណបក្ស Pakistan Tehreek-e-Insaf (PTI)»។
គួរបញ្ជាក់ថា បេក្ខជនគណបក្ស PTI បានប្រកួតប្រជែងក្នុងការបោះឆ្នោត កាលពីថ្ងៃទី៨ ខែកុម្ភៈ ក្នុងនាមជាបេក្ខជនឯករាជ្យ បន្ទាប់ពីគណបក្សនេះត្រូវបានរារាំងមិនឲ្យចូលរួមការបោះឆ្នោត។
កាលពីថ្ងៃសុក្រចុងសប្ដាហ៍មុន តុលាការកំពូលបានសម្រេចថា គណបក្សនេះមានសិទ្ធិទទួលបានអាសនៈបម្រុងបន្ថែមទៀតច្រើនជាង ២០ នៅក្នុងសភា ដោយបង្កើនសម្ពាធលើរដ្ឋាភិបាលចម្រុះដ៏ទន់ខ្សោយរបស់ប្រទេស។ ភ្លាមៗ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើគម្រោងហាមឃាត់នេះ នឹងមានផលប៉ះពាល់អ្វីខ្លះដល់ការសម្រេចរបស់តុលាការ ក្នុងការផ្តល់អាសនៈបម្រុង។ ហើយលោក Tarar បាននិយាយថា រដ្ឋាភិបាលក៏នឹងស្វែងរកការពិនិត្យផ្នេកផ្លូវច្បាប់លើបញ្ហាអាសនៈបម្រុងនេះដែរ។
សូមបញ្ជាក់បន្ថែមថា ដោយត្រូវបានដាក់ពន្ធនាគារ តាំងពីខែសីហាមក លោក Khan ត្រូវបានសម្រេចឲ្យរួចទោស កាលពីថ្ងៃសៅរ៍ រួមជាមួយនឹងប្រពន្ធទី៣ របស់លោក ជុំវិញបទចោទប្រកាន់ថា អ្នកទាំង២ បានរៀបការជាមួយគ្នាដោយខុសច្បាប់ ប៉ុន្តែរូបលោកនឹងមិនទទួលបានសេរីភាពនោះឡើយ បន្ទាប់ពីអាជ្ញាធរបានចេញដីកាថ្មី ដើម្បីចាប់ខ្លួនលោក៕