
ជនម្នាក់ ដែលត្រូវបានសង្ស័យថា ជាឃាតករសម្លាប់មនុស្សជាបន្តបន្ទាប់នោះ ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសកេនយ៉ា បន្ទាប់ពីសពជាច្រើនត្រូវបានរកឃើញនៅឯកន្លែងវាយយកថ្ម ក្នុងទីក្រុងណៃរ៉ូប៊ី ដោយនគរបាល នៅថ្ងៃចន្ទ (ទី១៥ ខែកក្កដា) នេះ បាននិយាយថា រូបគេបានសារភាពថា បានសម្លាប់ស្ត្រីចំនួន ៤២នាក់ ក្នុងនោះរួមទាំងប្រពន្ធរបស់ខ្លួនផងដែរ។
នគរបាលបាននិយាយថា បុរសឈ្មោះ Collins Jumaisi អាយុ ៣៣ឆ្នាំ រស់នៅក្បែរកន្លែងវាយយកថ្ម ក្នុងតំបន់ Mukuru ភាគខាងត្បូងនៃរដ្ឋធានី ត្រូវបានចាប់ខ្លួន នៅព្រឹកថ្ងៃចន្ទនេះ។
មេនគរបាលស្តីទី លោក Douglas Kanja Kirocho បានប្រាប់ថា មកទល់ពេលនេះ សពចំនួន ៩នាក់ ត្រូវបានរកឃើញពីកន្លែងវាយយកថ្មនោះ។

ប្រធានអគ្គនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម លោក Amin Mohamed បាននិយាយថា៖ «នេះជារឿងប្រាកដណាស់ ដែលយើងកំពុងដោះស្រាយជាមួយឃាតករសម្លាប់មនុស្សជាបន្តបន្ទាប់ ពោលគឺជាឃាតករវិកលចរិតសម្លាប់មនុស្សបន្តបន្ទាប់ ដែលមិនគោរពឲ្យតម្លៃជីវិតមនុស្សសោះ»។
លោក Mohamed បាននិយាយថា ជនល្មើស Jumaisi បានសារភាពថា រូបគេបានល្បួង និងសម្លាប់ស្ត្រីចំនួន ៤២នាក់ ហើយបានយកសពជនរងគ្រោះទៅចោលនៅឯកន្លែងវាយយកថ្ម។ នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ លោក Mohamed បានប្រាប់ឲ្យដឹងថា អំពើឃាតកម្មនោះបានកើតឡើងតាំងពីឆ្នាំ២០២២ ដោយចាប់ផ្តើមពីភរិយារបស់លោក Jumaisi ហើយករណីចុងក្រោយបំផុត នៅថ្ងៃទី១១ ខែកក្កដា៕
