
នៅថ្ងៃចន្ទនេះ ក្រុមនិស្សិតមកពីគណបក្សប្រឆាំងសភាឥណ្ឌា បាននាំគ្នាតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់គណបក្សកាន់អំណាច Bharatiya Janata នៅរដ្ឋភាគកណ្តាល Madhya Pradesh ជុំវិញភាពមិនប្រក្រតីនៃការប្រឡង ។
ក្រុមបាតុករមកពីសហជីពនិស្សិតជាតិឥណ្ឌា បានលើកពាក្យស្លោក និងឡើងលើប៉ារ៉ាស់នគរបាល ខណៈពេលដែលក្រុមនគរបាលបាញ់កាណុងទឹកបំបែកពួកគេ ។
គួរឲ្យដឹងថា រដ្ឋាភិបាល បានលុបចោលការប្រឡង University Grants Commission National Eligibility Test គឺជាការប្រឡងមួយបានធ្វើកាលពីខែមុនសម្រាប់គ្រូសាកលវិទ្យាល័យ និងគ្រូមហាវិទ្យាល័យ ។
ក្រសួងអប់រំ បាននិយាយថា ពួកគេបានស្វែងរករបាយការណ៍ពីនគរបាលចំពោះភាពមិនប្រក្រតី ជុំវិញការគ្រប់គ្រងការប្រឡងមួយផ្សេងទៀតសម្រាប់ការចូលរៀនកម្មវិធីវេជ្ជសាស្រ្តថ្នាក់បរិញ្ញាបត្រកាលពីខែឧសភា ។
ដោយឡែក ការិយាល័យស៊ើបអង្កេតកណ្តាលសហព័ន្ធ បានបើកការស៊ើបអង្កេតជុំវិញបញ្ហាមួយនេះ ៕