នៅថ្ងៃចន្ទនេះ សេវាកម្មសម្ងាត់សហរដ្ឋអាមេរិក និយាយថា ពួកគេនឹងចូលរួមយ៉ាងពេញទំហឹងការស៊ើបអង្កេតប្រកាសដោយលោកប្រធានាធិបតី Joe Bidenនិងសមាជិកសភាអាមេរិក ក្រោយភ្នាក់ងាររបស់ពួកគេពុំអាចការពារខ្មាន់កាំភ្លើងពីការបាញ់ប្រហារ និងបណ្តាលឲ្យអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump រងរបួសកាលពីចុងសប្តាហ៍កន្លងទៅ ។
ក្រុម FBI និយាយថា ពួកគេកំពុងស៊ើបអង្កេតឧបទ្ទេវហេតុកាលពីថ្ងៃសៅរ៍ នៅក្នុងពិធីជួបជុំគ្នារបស់លោក Trump ស្ថិតនៅរដ្ឋ Pennsylvania ។
កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Bidenបានបញ្ជាឲ្យពិនិត្យមើលដោយឯករាជ្យ ហើយក្រុមតំណាងរាស្រ្តគណបក្សសាធារណរដ្ឋ សន្យាថា នឹងបើកការស៊ើបអង្កេតភ្លាមៗ ។
នៅក្នុងសេចក្តីថ្លែងការណ៍សំខាន់លើកដំបូង ចាប់តាំងពីហេតុការណ៍បាញ់ប្រហារនេះ ដែលបានសម្លាប់អ្នកចូលរួមពិធីជួបជុំគ្នាម្នាក់ ប្រធានសេវាកម្មសម្ងាត់លោកស្រី Kimberly Cheatle និយាយថា ទីភ្នាក់ងាររបស់លោកស្រី បានបង្កើនសន្តិសុខសម្រាប់បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះ ហើយនិងសន្និបាតជាតិសារធារណរដ្ឋ នៅទីក្រុង Milwaukee ដែលបានចាប់ផ្តើមនៅថ្ងៃចន្ទនេះ ៕
