ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីគួរតែត្រូវបានតំណាងនៅក្នុងកិច្ចប្រជុំកំពូលលើកទីពីរនៅខែវិច្ឆិកាឆ្នាំនេះ ក្នុងគោលបំណងធានាសន្តិភាពយូរអង្វែងជាមួយវិមានក្រឹមឡាំង បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាងពីរឆ្នាំ។
ភាគីទាំងពីរបានបដិសេធការចរចាសន្តិភាពដោយផ្ទាល់ចាប់តាំងពីការចរចាររវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឡើងប៉ុន្មានសប្ដាហ៍នៃការចាប់ផ្ដើមឈ្លានពានរបស់រុស្ស៊ីកាលពីក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

ប៉ុន្តែក្រុមមេដឹកនាំពិភពលោករាប់សិបរូប បានសម្តែងការគាំទ្រចំពោះដំណោះស្រាយដ៏ត្រឹមត្រូវមួយចំពោះការប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំកំពូលកម្រិតខ្ពស់ដែលបានកោះប្រជុំដោយលោក Zelensky កាលពីខែមុននៅប្រទេសស្វីស។ ប្រទេសរុស្ស៊ី មិនត្រូវបានអញ្ជើញទេ។
ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Kyiv ក្រោយដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំកំពូលសម្ព័ន្ធភាពការពារជាតិរបស់អង្គការណាតូ លោក Zelensky បានបើកទ្វារឱ្យមានការចរចាដោយផ្ទាល់ជាមួយក្រុមមន្ត្រីមកពីទីក្រុងមូស្គូ។
លោក Zelensky បាននិយាយដោយពិពណ៌នាអំពីការត្រៀមខ្លួនសម្រាប់ការតាមដានការប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនថា ខ្ញុំជឿថាអ្នកតំណាងរុស្ស៊ីគួរតែចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទីពីរ។
លោកបានប្រកាសកិច្ចប្រជុំដាច់ដោយឡែកពីគ្នាលើបញ្ហាសំខាន់ៗ រួមទាំងថាមពល ដែលនឹងត្រូវធ្វើឡើងនៅប្រទេសកាតា និងស្តីពីសន្តិសុខស្បៀងនៅក្នុងប្រទេសទួរគី មុនជំនួបកំពូលលើកទីពីរ។លោកក៏បាននិយាយផងដែរថានឹងមានកិច្ចប្រជុំដាច់ដោយឡែកមួយស្តីពីការដោះដូរអ្នកទោសនិងបញ្ហាមនុស្សធម៌នៅក្នុងកិច្ចប្រជុំមួយក្នុងប្រទេសកាណាដា។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងមូស្គូ នឹងមិនចូលរួមកិច្ចប្រជុំកំពូលបន្ទាប់ទេ ទោះវិមានក្រឹមឡាំងពុំសូវបង្ហាញភាពដាច់អហង្ការក៏ដោយ និងបាននិយាយថាពុំមាន ខ្លឹមសារច្បាស់លាស់ ទាក់ទងនឹងគំនិតនៃកិច្ចប្រជុំកំពូលលើកទី២៕