លោក Donald Trump បានជ្រើសរើសព្រឹទ្ធសមាជិករដ្ឋ អូហាយអូ (Ohio) លោក ជេមស៍ ដេវីត វែនស៍ (James David Vance) ឬហៅកាត់ថា ជេឌី វែនស៍ (J.D.Vance) ធ្វើជាអនុប្រធានាធិបតីរបស់ខ្លួនក្នុងការប្រជែងតំណែងសេតវិមាន ខណៈគណបក្សសាធារណរដ្ឋបានតែងតាំងអតីតប្រធានាធិបតីរូបនេះជាបេក្ខជនផ្លូវការឱ្យឈរឈ្មោះបោះឆ្នោតម្តងទៀតកាលពីថ្ងៃចន្ទ (១៥ កក្កដា) នៅពេលចាប់ផ្តើមសន្និបាតជាតិរបស់គណបក្សនៅទីក្រុង មីលវ៉ូឃី (Milwaukee)។
លោក Trump បានសរសេរនៅលើបណ្ដាញសង្គម ទ្រូស សូសល (Truth Social) ថា «ក្នុងនាមជាអនុប្រធានាធិបតី លោក J.D. នឹងបន្តប្រយុទ្ធដើម្បីរដ្ឋធម្មនុញ្ញ ហើយនឹងធ្វើអ្វីគ្រប់យ៉ាងជួយយើងធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត»។
សន្និបាតរយៈពេលបួនថ្ងៃបានបើកក្នុងកណ្តាលទីក្រុង Milwaukee រយៈពេលពីរថ្ងៃបន្ទាប់ពីលោក Trump បានរួចផុតពីការប៉ុនប៉ងធ្វើឃាតនៅរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) ហើយប៉ុន្មានម៉ោងបន្ទាប់ពីលោកទទួលបានជ័យជំនះផ្នែកច្បាប់ដ៏សំខាន់នៅពេលដែលចៅក្រមសហព័ន្ធបានច្រានចោលការកាត់ទោសព្រហ្មទណ្ឌក្នុងបណ្ដឹងមួយរបស់លោក Trump ។
លោក Trump គ្រោងនឹងទទួលយកការតែងតាំងរបស់បក្សជាផ្លូវការនៅក្នុងសុន្ទរកថាដ៏សំខាន់មួយនៅថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) ខាងមុខនេះ ហើយនឹងប្រកួតទល់នឹងប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ក្នុងការបោះឆ្នោតថ្ងៃទី០៥ វិច្ឆិកា។
លោក Vance វ័យ ៣៩ឆ្នាំ ធ្លាប់ជាអ្នករិះគន់យ៉ាងចាស់ដៃលើលោក Trump ក្នុងឆ្នាំ២០១៦ ប៉ុន្តែចាប់តាំងពីពេលនោះមកបានក្លាយជាអ្នកការពារដ៏រឹងមាំបំផុតរបស់អតីតប្រធានាធិបតីរូបនេះ ដោយទទួលយកការអះអាងមិនពិតរបស់លោក Trump ដែលថាការបោះឆ្នោតឆ្នាំ២០២០ ត្រូវបានបំផ្លាញដោយការក្លែងបន្លំយ៉ាងទូលំទូលាយ៕