ចៅក្រមអាមេរិក កាលពីថ្ងៃចន្ទ (១៥ កក្កដា) បានច្រានចោលសំណុំរឿងព្រហ្មទណ្ឌដែលចោទប្រកាន់លោក ដូណាល់ ត្រាំ (Donald Trump) ពីបទកាន់កាប់ឯកសារសម្ងាត់ដោយខុសច្បាប់ ដែលធ្វើឱ្យអតីតប្រធានាធិបតីរូបនេះទទួលបានជ័យជំនះផ្នែកច្បាប់ដ៏សំខាន់មួយទៀត ខណៈគណបក្សសាធារណរដ្ឋស្វះស្វែងវិលត្រឡប់ទៅកាន់តំណែងសេតវិមានវិញ។

នៅក្នុងសេចក្តីសម្រេច៩៣ទំព័រ ចៅក្រមរដ្ឋហ្វ្លរីដា (Florida) លោកស្រី អៃលីន ខេនណុន (Aileen Cannon) ដែលត្រូវបានតែងតាំងដោយលោក Trump បានសម្រេចថា រដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith) ដែលកំពុងដឹកនាំការកាត់ទោស ត្រូវបានតែងតាំងដោយខុសច្បាប់សម្រាប់តួនាទីរបស់លោក ហើយមិនមានសិទ្ធិអំណាចក្នុងការដាក់សំណុំរឿងនេះទេ។

លោកស្រីមិនបានសម្រេចថាតើការចោទប្រកាន់លើលោក Trump ថាការចាត់ចែងឯកសារសម្ងាត់មិនបានល្អ ជារឿងត្រឹមត្រូវ ឬយ៉ាងណានោះទេ។ សេចក្តីសម្រេចនេះបានបង្ហាញពីជ័យជំនះផ្លូវច្បាប់មួយទៀតសម្រាប់លោក Trump បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃទី០១ ខែកក្កដា ដែលថាក្នុងនាមជាអតីតប្រធានាធិបតី លោកមានអភ័យឯកសិទ្ធិរារាំងពីការកាត់ទោសចំពោះសកម្មភាពជាច្រើនរបស់លោកក្នុងពេលកាន់តំណែង។
ទោះបីជាការកាត់ក្តីមិនទំនងជាកើតឡើងមុនការបោះឆ្នោតក៏ដោយ ក្រុមអ្នកជំនាញផ្នែកច្បាប់ជាច្រើនបានចាត់ទុកបណ្ដឹងឯកសារសម្ងាត់នេះថាជាសំណុំរឿងដ៏រឹងមាំបំផុតមួយក្នុងចំណោមករណីទាំងបួនប្រឆាំងនឹងអតីតប្រធានាធិបតីរូបនេះ៕