ភ្នំពេញ ៖ គិតមកដល់ពេលនេះ សាលាដំបូងក្នុងខេត្តចំនួន៣ បានបិទបញ្ចប់សំណុំរឿងកកស្ទុះ ក្នុងវិបត្តិកូវីដ–១៩។ សាលាខេត្តដំបូងទាំងបីនោះមានដូចជា ៖ សាលាដំបូងខេត្តកោះកុង កំពត និងខេត្តសៀមរាប។
នៅថ្ងៃទី៣០ ខែកញ្ញានេះ ឯកឧត្តមជិន ម៉ាលីនរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថា គិតមកដល់ពេលនេះ មានសាលាដំបូងក្នុងខេត្តចំនួន៣រួមមាន ៖ ខេត្តកោះកុង កំពត និងខេត្តសៀមរាប បានបិទបញ្ចប់សំណុំរឿង ក្នុងវិបត្តិកូវីដ–១៩។ឯកឧត្តម បន្តថា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ (គ.យ.ក.ស) ទូទាំង២៥រាជធានី-ខេត្ត គ្រោងនឹងបញ្ចប់នៅ ចុងឆ្នាំ២០២០នេះ។
នៅថ្ងៃទី១៨ ខែឧសភាកន្លងទៅ ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទុះសំណុំរឿងព្រហ្មទណ្ឌ ដែលហៅកាត់(គ.យ.ក.ស) ទូរទាំង២៥រាជធានី-ខេត្ត។នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ រាជរដ្ឋាភិបាល បានបើកយុទ្ធនាការជាច្រើនរួមមាន ៖ យុទ្ធនាការប្រឆាំងគ្រឿងញៀន យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ និងយុទ្ធនាការភូមិឃុំមានសុវត្ថិភាពជាដើម។យុទ្ធនាការទាំងនេះ នាំឲ្យកើនឡើងសំណុំរឿង នៅតុលាការ និងកើនឡើងនូវចំនួនអ្នកជាប់ពន្ធនាគារ។ ការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត តាមរយៈការដាក់ចេញនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវធ្វើជាចាំបាច់ ក្នុងគោលបំណងបីរួមមាន ៖ ទី១.ការបន្ថយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្ត ដើម្បីរកយុត្តិធម៌ឲ្យបានឆាប់ដល់ជនរងគ្រោះ ទី២.បង្កើនប្រសិទ្ធភាពស្ថាប័នតុលាការ និងឲ្យដំណើរការឆាប់រហ័សជាងមុន និងទី៣-.កាត់បន្ថយភាពចង្អៀតណែន នៅតាមពន្ធនាគារ។
គិតចាប់ពីថ្ងៃប្រកាសយុទ្ធនាការដោះស្រាយសំណុំរឿង នៅថ្ងៃទី១៨ខែឧសភា រហូតដល់ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាដំបូងទូទាំងប្រទេសកម្ពុជា ដោះស្រាយបានជាង៨ពាន់សំណុំរឿង ដែលស្មើនឹង៦៣% នៃសំណុំរឿងដែលកកស្ទះកន្លងមក៕
អត្ថបទ ៖ ទូច សោភ័ណ


