អង្គភាព FBI បាននិយាយកាលពីថ្ងៃចន្ទ (១៥ កក្កដា) ថា ខ្លួនកំពុងពិនិត្យទូរស័ព្ទរបស់ខ្មាន់កាំភ្លើងឈ្មោះ ថូម៉ាស ម៉ាត់ស៊ូ ឃ្រុកស៍ (Thomas Matthew Crooks) ដែលជាជនសង្ស័យក្នុងការបាញ់ប្រហារលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ខណៈខ្លួនបន្តស៊ើបអង្កេតពីហេតុផលពីក្រោយឧក្រិដ្ឋកម្មនេះ។

FBI បានសង្កត់ធ្ងន់ថា ការស៊ើបអង្កេតរបស់ខ្លួនលើការបាញ់ប្រហារកាលពីថ្ងៃសៅរ៍ ដែលត្រូវបានចាត់ទុកជាការប៉ុនប៉ងធ្វើឃាត និងលទ្ធភាពនៃអំពើភេរវកម្មក្នុងស្រុកនោះ នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ FBI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្នកឯកទេសផ្នែកបច្ចេកទេសរបស់ FBI បានទទួលជោគជ័យក្នុងការចូលឆែកទូរស័ព្ទរបស់ Thomas Matthew Crooks ហើយពួកគេបន្តវិភាគឧបករណ៍អេឡិចត្រូនិចរបស់ជនសង្ស័យរូបនេះ»។
ការិយាល័យបានបន្ថែមថា ខ្លួនបានធ្វើការសម្ភាសន៍ជិត ១០០ករណីជាមួយបុគ្គលិកអនុវត្តច្បាប់ អ្នកចូលរួមក្នុងព្រឹត្តិការណ៍ និងសាក្សីផ្សេងទៀត។ នៅក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ ក្រុមមន្ត្រី FBI បាននិយាយថា ពួកគេមិនទាន់អាចបញ្ជាក់ពីមនោគមវិជ្ជា ឬស្វែងរកភស្តុតាងនៃហេតុផលសម្រាប់ការបាញ់ប្រហារនេះទេ។

កាំភ្លើងវែងប្រភេទ AR-style 556 ប្រើដោយអ្នកបាញ់ប្រហារនោះ ត្រូវបានទិញដោយស្របច្បាប់ដោយឪពុករបស់គេ ហើយក្រុមមន្ត្រីនិយាយថា មិនមានការចង្អុលបង្ហាញណាមួយដែលថាជនសង្ស័យនេះមានបញ្ហាសុខភាពផ្លូវចិត្តឡើយ។ ពួកគេបន្ថែមថា ការពិនិត្យបឋមលើការហៅទូរសព្ទ និងការផ្ញើសារថ្មីៗដោយអ្នកបាញ់ប្រហារក៏មិនបានបំភ្លឺពីមូលហេតុជំរុញ ឬថាតើមានអ្នកផ្សេងទៀតអាចដឹងជាមុនអំពីផែនការរបស់គេ ឬអត់នោះទេ៕