សហភាពអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មកាលពីថ្ងៃចន្ទ ទៅលើបុគ្គលជនជាតិអ៊ីស្រាអែលចំនួន៥រូប និងអង្គភាពចំនួន៣ ដោយចាត់ទុកថាពួកគេជាអ្នកទទួលខុសត្រូវសម្រាប់«ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងលក្ខណៈជាប្រព័ន្ធ» លើជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank និងនៅទីក្រុងហ្សេរុយសាឡឹមខាងកើត។

បញ្ជីទណ្ឌកម្មនេះរួមមានទាំងក្រុម Tzav 9 ជាក្រុមដែលសហភាពអឺរ៉ុបនិយាយថា បានរារាំងជាប្រចាំនូវរថយន្តដឹកជំនួយមនុស្សធម៌ដែលដឹកជញ្ជូនអាហារ ទឹក និងប្រេងឥន្ធនៈ ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប។ ក្នុងបញ្ជីក៏មានលោក Baruch Marzel ដែលសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប បាននិយាយថា «អំពាវនាវជាចំហឲ្យមានការបោសសម្អាតជនជាតិប៉ាឡេស្ទីន»។

លោក Ben-Zion Gopstein ស្ថាបនិក និងជាអ្នកដឹកនាំ អង្គការ Lehava និងលោក Isaschar Manne ជាអ្នកដែលសហភាពអឺរ៉ុប ចាត់ទុកថាជាស្ថាបនិកនៃបុស្តិ៍ជួរមុខគ្មានការអនុញ្ញាតនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។
ទាំងលោក Gopstein និងលោក Manne ក៏ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក ដូចជាក្រុម Tzav 9 ដែរ ដែលទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីសប្តាហ៍មុនថា ប្រឆាំងទៅនឹងការរួមបញ្ចូលជនជាតិជ្វីហ្វ ជាមួយអ្នកមិនមែនជនជាតិជ្វិហ្វ និងតវ៉ាប្រឆាំងពលរដ្ឋអារ៉ាប់ ដោយលើកឡើងពីសាសនា និងសន្តិសុខជាតិ។
ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ក្រោមរបបទណ្ឌកម្មសិទ្ធិមនុស្សសកលរបស់សហភាពអឺរ៉ុប រួមមានការបង្កកទ្រព្យសម្បត្តិ និងបម្រាមធ្វើដំណើរទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប។