អង្គការ UNICEF បាននិយាយកាលពីថ្ងៃចន្ទ ១៥ ខែកក្កដា ថា មនុស្សប្រមាណ ៥០.០០០នាក់ បានស្វែងរកការជ្រកកោននៅក្នុងទីក្រុង កាដារីហ្វ (Qadarif) ភាគខាងកើតប្រទេសស៊ូដង់ ដោយក្រុមអាជ្ញាធររំពឹងថានឹងមានកាន់តែច្រើននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

លោកស្រី ណាស្រា អ៊ីស្លាន (Nasra Islan) អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការ UNICEF បាននិយាយថា មជ្ឈមណ្ឌលសម្រាប់ជនភៀសខ្លួនក្នុងប្រទេស បានចុះឈ្មោះកុមារយ៉ាងហោចណាស់ ៤០០ នាក់ គិតត្រឹមថ្ងៃទី ៩ ខែកក្កដា។
សង្គ្រាមបានផ្ទុះឡើងកាលពីខែមេសាឆ្នាំមុន រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ជុំវិញការធ្វើសមាហរណកម្មនៃកងកម្លាំងនៅក្នុងការផ្លាស់ប្តូរទៅកាន់ការបោះឆ្នោតដោយសេរី។

អង្គការសហប្រជាជាតិបាននិយាយថា នៅថ្ងៃព្រហស្បតិ៍ ទី ១១ ខែកក្កដា មានតែភាគីម្ខាងនៃសង្រ្គាមរបស់ប្រទេសស៊ូដង់ប៉ុណ្ណោះ ដែលបានបង្ហាញខ្លួនសម្រាប់កិច្ចចរចាដែលដឹកនាំដោយអង្គការសហប្រជាជាតិក្នុងគោលបំណងសម្របសម្រួលឲ្យមានបទឈប់បាញ់ក្នុងស្រុកដែលអាចធ្វើទៅបានដើម្បីជួយសម្រួលដល់ការបើកផ្លូវដឹកជំនួយ និងការពារជនស៊ីវិល។
សង្រ្គាមបានបង្កឱ្យមានរលកនៃអំពើហិង្សាដែលជំរុញដោយជនជាតិភាគតិចដែលត្រូវបានស្តីបន្ទោសយ៉ាងខ្លាំងលើទៅលើ កងកម្លាំង RSF ហើយអង្គការសហប្រជាជាតិបាននិយាយថាមនុស្សជិត២៥លាននាក់ ពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ត្រូវការជំនួយ ខណៈគ្រោះទុរ្ភិក្សកំពុងកើតឡើង ហើយមនុស្សជិត ១០ លាននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕