នគរបាល និងសាក្សីបាននិយាយថា និស្សិតជាង ១០០ នាក់បានរងរបួសនៅទូទាំងប្រទេសបង់ក្លាដែស កាលពីថ្ងៃចន្ទ (១៥ កក្កដា) នៅក្នុងការប៉ះទង្គិចគ្នារវាងអ្នកតវ៉ាដើម្បីបញ្ចប់ប្រព័ន្ធកូតាសម្រាប់ការងាររបស់រដ្ឋាភិបាល ជាមួយនឹងអ្នកផ្សេងទៀតដែលស្មោះត្រង់នឹងគណបក្សកាន់អំណាច។

ការតវ៉ានេះគឺជាបាតុកម្មដ៏ធំជាលើកដំបូងដែលនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានប្រឈមមុខ ចាប់តាំងពីលោកស្រីបានឈ្នះអាណត្តិទី៤ ជាប់ៗគ្នាក្នុងការបោះឆ្នោតកាលពីខែមករា ដែលមានការធ្វើពហិការដោយក្រុមប្រឆាំង។

នគរបាល និងសាក្សីបាននិយាយថា ក្រុមបាតុករប្រឆាំងកូតាការងាររាប់ពាន់នាក់ និងសមាជិកក្រុមនិស្សិតនៃសម្ព័ន្ធ អាវ៉ាមី (Awami) ដែលគាំទ្រលោកស្រី Hasina បានគប់ដុំថ្មដាក់គ្នា និងវាយគ្នាទៅវិញទៅមកដោយប្រើដំបង និងកំណាត់ដែកនៅសាកលវិទ្យាល័យនានាទូទាំងប្រទេស រួមទាំងរដ្ឋធានីដាកាផងដែរ។

បាតុករបានអំពាវនាវឱ្យមានការតវ៉ានិងការប្រមូលផ្តុំបន្ថែមទៀតនៅទូទាំងប្រទេសដើម្បីសង្កត់ធ្ងន់លើការទាមទាររបស់ពួកគេ។ ការតវ៉ាបានចាប់ផ្ដើមកាន់តែខ្លាំងឡើងកាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីលោកស្រី Hasina បានបដិសេធមិនបំពេញតាមការទាមទាររបស់និស្សិត ដោយបញ្ជាក់ថាបញ្ហានេះកំពុងស្ថិតនៅក្នុងតុលាការ៕