ក្រសួងការពារជាតិរបស់ប្រទេសអាមេនី បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដា ថា អាមេនី និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងប្រទេសអាមេនី ដែលត្រូវបានគេរំពឹងថានឹងមានរយៈពេលរហូតដល់ថ្ងៃទី២៤ ខែកក្កដា។

ក្រសួង បាននិយាយថា សមយុទ្ធ Eagle Partner 2024 នឹងផ្តោតសំខាន់លើកិច្ចការដែលទាក់ទងទៅនឹងបេសកកម្មរក្សាសន្តិភាព ហើយសមយុទ្ធបែបនេះជាមួយប្រទេសដៃគូ គឺធ្វើឡើងជាទៀងទាត់។
ប្រទេសអាមេនី បានមើលឃើញទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ មានភាពសោះអង្គើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លើអ្វីដែលទីក្រុង Yerevan ចាត់ទុកថាជាការបរាជ័យរបស់រុស្ស៊ី ក្នុងការការពារខ្លួន ពីប្រទេសជិតខាងអាស៊ែរបៃហ្សង់ ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បាននិយាយថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធយោធាណាតូ ប្រទេសអាមេនី ប្រឈមហានិភ័យទៅនឹងអស្ថិរភាពដល់តំបន់ South Caucasus និងកំពុងធ្វើឱ្យអន្តរាយដល់សន្តិសុខរបស់ខ្លួន។
លោក Galuzin បាននិយាយថាទីក្រុងមូស្គូ មិនសប្បាយចិត្តជាមួយនឹងការពិតដែលថាទីក្រុង Yerevan ប្រទេសអាមេនី បានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។