ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទ (១៥ កក្កដា) បានរិះគន់មិត្តរួមតំណែងថ្មីរបស់លោក Donald Trump គឺលោក ជេឌី វែនស៍ (J.D. Vance) ថាជា «មនុស្សប្រភេទតែមួយ» ដូចទៅនឹងអតីតប្រធានាធិបតីសាធារណរដ្ឋរូបនេះ។

លោក Biden បានប្រាប់អ្នកយកព័ត៌មានមុនចេញទៅរដ្ឋ ណេវ៉ាដា (Nevada) នៅពេលត្រូវសាកសួរអំពីព្រឹទ្ធសមាជិករដ្ឋ Ohio រូបនេះថា «លោក Vance ជាមនុស្សប្រភេទតែមួយនឹងលោក Trump។ ខ្ញុំមើលមិនឃើញមានភាពខុសគ្នាទេ»។

នៅក្នុងការបង្ហោះលើបណ្ដាញសង្គម X មេដឹកនាំសហរដ្ឋអាមេរិករូបនេះក៏បានវាយប្រហារលោក Vance ដោយចោទសួរអំពីអត្តសញ្ញាណប្រជានិយមរបស់លោក ហើយនិយាយថាជ័យជម្នះរបស់លោក Trump និងលោក Vance នឹងបង្កគ្រោះថ្នាក់ផ្នែកសេដ្ឋកិច្ចដល់គ្រួសារជនជាតិអាមេរិកវណ្ណៈកណ្តាល។

បណ្ដាសមាជិកគណបក្សប្រជាធិបតេយ្យមានចិត្តចង់លាបពណ៌អ្នកបណ្តាក់ទុនដែលប្រែក្លាយជាព្រឹទ្ធសមាជិករូបនេះ ថាជាជាអ្នកបម្រើលោក Trump និងជាមនុស្សក្អេងក្អាង ក្នុងគោលបំណងដើម្បីបង្ខូចនយោបាយប្រជានិយមដែលលោក Vance បានប្រឹងប្រែងបណ្ដុះក្នុងអំឡុងពេលលោកបម្រើការនៅទីក្រុងវ៉ាស៊ីនតោន។
ការជ្រើសរើសលោក Vance វ័យ ៣៩ឆ្នាំឱ្យធ្វើជាអនុប្រធានាធិបតីនេះ បានក្លាយជាការផ្លាស់ប្ដូរជំនាន់ដ៏មានសក្តានុពលសម្រាប់គណបក្សសាធារណរដ្ឋ ដោយលោកមានវ័យក្មេងខ្លាំងជាងលោក Trump ដែលមានអាយុ ៧៨ឆ្នាំ ខណៈលោក Biden ដែលមានអាយុ ៨១ឆ្នាំគឺជាប្រធានាធិបតីអាមេរិកដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រ។ ប្រធានគណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យ លោក ចេមមី ហារីសុន (Jaime Harrison) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Vance «បានជំរុញ និងគាំទ្រគោលនយោបាយដ៏អាក្រក់បំផុតរបស់លោក Trump អស់រយៈពេលជាច្រើនឆ្នាំ»៕