ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងជួបប្រធានាធិបតីទួរគី លោក Tayyip Erdogan ប្រសិនបើប្រទេសទាំងពីរ អាចផ្តោតសំខាន់ទៅលើបញ្ហាស្នូលនានា នៃការគាំទ្ររបស់ទីក្រុងអង់ការ៉ាចំពោះ «អំពើភេរវកម្ម» និងការដកកងកម្លាំងទួរគី ចេញពីទឹកដីប្រទេសស៊ីរី។

វីដេអូឃ្លីបដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតី បានបង្ហាញ លោក Assad ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងដាម៉ាសថា បញ្ហាពុំមែនជាជំនួបទេ ប៉ុន្តែជាខ្លឹមសារនៃជំនួប។
ប្រទេសទួរគី បានផ្តាច់ទំនាក់ទំនងជាមួយប្រទេសស៊ីរី ក្នុងឆ្នាំ២០១១ បន្ទាប់ពីការផ្ទុះឡើងសង្រ្គាមស៊ីវិលស៊ីរី ដែលប្រទេសទួរគី បានគាំទ្រក្រុមឧទ្ទាម ស្វែងរកការបណ្តេញលោក Assad ចេញពីតំណែង។
មេដឹកនាំប្រទេសស៊ីរី ចាត់ទុកក្រុមឧទ្ទាមថាជាក្រុមភេរវករ។ ទីក្រុងអង់ការ៉ា ក៏បានបង្កើត តំបន់សុវត្ថិភាពមួយ នៅភាគខាងជើងប្រទេសស៊ីរី ដែលបច្ចុប្បន្ននេះទាហានទួរគីកំពុងឈរជើងនៅទីនោះ ហើយប្រទេសនេះ បានធ្វើប្រតិបត្តិការយោធាឆ្លងព្រំដែនជាច្រើនលើកប្រឆាំងក្រុមសកម្មប្រយុទ្ធ ដែលខ្លួននិយាយថា គំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេសទួរគី។
លោក Erdogan បាននិយាយកាលពីដើមខែកក្កដា ថា លោកនឹងបន្តការអញ្ជើញលោក Assad នៅពេលណាមួយ សម្រាប់កិច្ចពិភាក្សាដែលអាចធ្វើទៅបានដើម្បីស្តារទំនាក់ទំនងឡើងវិញ។
លោក Assad បាននិយាយបន្ថែមថា ប្រសិនបើពុំមានការពិភាក្សាអំពីបញ្ហាស្នូល តើកិច្ចប្រជុំបែបនេះមានន័យអ្វី?
លោកនឹងឆ្លើយតបជាវិជ្ជមានចំពោះគំនិតផ្តួចផ្តើមណាមួយ ដែលមានបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ប៉ុន្តែមូលដ្ឋានសម្រាប់កិច្ចពិភាក្សាបែបនេះត្រូវតែកំណត់ជាមុនសិន។