អ៊ីស្រាអែល បានវាយប្រហារភាគខាងត្បូង និងកណ្តាលនៃតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ (១៥ កក្កដា) ដើម្បីដាក់សម្ពាធបន្ថែមលើក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីចុងសប្តាហ៍ដែលកំណត់គោលដៅទៅលើថ្នាក់ដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធមួយនេះ ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនប្រហែល ៩០នាក់ ដែលបានស្វែងរកទីជម្រកនៅក្នុងជំរំបណ្តោះអាសន្ននៅទីនោះ។

ពីរថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានធ្វើឱ្យតំបន់ ម៉ាវ៉ាស៊ី (Mawasi) ដ៏អ៊ូអរនៅជិតឆ្នេរសមុទ្រមេឌីទែរ៉ាណេប្រែទៅជាវាលរហោស្ថានពោរពេញដោយកម្ទេចកម្ទីនិងសាកសព ជនភៀសខ្លួនដែលរួចជីវិតពីហេតុការណ៍នោះបាននិយាយថា ពួកគេមិនដឹងថាគួរតែរត់ទៅទីណាទៀតនោះទេ។

តំបន់ ម៉ាវ៉ាស៊ី ដែលនៅជាយក្រុង ខាន់យូនីស (Khan Younis) ភាគខាងលិច បាននិងកំពុងផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ ដែលភៀសខ្លួនទៅតំបន់នោះបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសជាតំបន់សុវត្ថិភាព។ អ៊ីស្រាអែលបាននិយាយថា ការវាយប្រហាររបស់ខ្លួននៅទីនោះកាលពីថ្ងៃសៅរ៍ បានកំណត់គោលដៅលើមេបញ្ជាការយោធាហាម៉ាស លោក មូហាម៉េដ ដេហ្វ (Mohammed Deif) ដែលជាមេខ្លោងនៃការវាយលុកថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា សព្វថ្ងៃនេះ។
យោធានិយាយថា ខ្លួនបានវាយប្រហារលើតំបន់បើកទូលាយ ដោយមានអគារមួយចំនួន និងបន្ថែមថានោះជាបរិវេណដែលគ្រប់គ្រងដោយក្រុមហាម៉ាស មិនមែនជាជំរំតង់ទេ៕