រហូតដល់ព្រឹកថ្ងៃអង្គារនេះ គឺជាថ្ងៃទី៤ហើយ នៃប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវាញ ពេលហ្វឹកហ្វឺន ខណៈដែលកម្លាំងចម្រុះ កំពុងបង្កើនសកម្មភាពយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន។
ថ្លែងប្រាប់ទូរទស្សន៍ BTV នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងប្រតិបត្តិការរយៈពេល ៤ថ្ងៃមកនេះ មិនទាន់មានតម្រុយណាមួយជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាចក្រ និងមនុស្ស២នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះ នៅឡើយទេ ដោយសារតែកត្តាភូមិសាស្ត្រនៅតំបន់នោះ មានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និងព្រៃក្រាស់ជាដើម។
ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា កងកម្លាំងរបស់យើងនៅតែបន្តខិតខំ និងប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការរករុក ហើយនឹងមានការជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាបន្តបន្ទាប់ នៅពេលទទួលបានលទ្ធផលណាមួយ។
ឆ្លៀតក្នុងឱកាសនេះដែរ នាយឧតុ្តមសេនីយ៍ ឈុំ សុជាត ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នក្នុងការចែកចាយដំណឹងណាមួយ ដែលគ្មានប្រភពច្បាស់លាស់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រនេះ ខណៈដែលថ្មីៗនេះ មានក្រុមទុច្ចរិតមួយចំនួន បានយកករណីនេះ ទៅបំផ្លើស និងប្រឌិតខុសពីការពិតដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះ៕ អត្ថបទ៖ បាន ចក់







