ទីក្រុងប៉េកាំង នៅថ្ងៃអង្គារ (១៦ កក្កដា) នេះបានបិទបណ្ដាញរថភ្លើងជាច្រើនជាបណ្ដោះអាសន្ននៅតំបន់ជាយក្រុងជុំវិញរដ្ឋធានីរបស់ប្រទេសចិន បន្ទាប់ពីបានចេញការព្រមានជាមុនសម្រាប់ព្យុះផ្គររន្ទះ និងទឹកជំនន់ដ៏គំហុក ខណៈភាគខាងជើងរបស់ប្រទេសនេះ កំពុងទប់ទល់នឹងអាកាសធាតុព្យុះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ស៊ីនហួរ (Xinhua) បាននិយាយថា អាជ្ញាធរចិនបានដាក់តំបន់ភាគខាងជើងក្នុងការប្រុងប្រយ័ត្នខ្ពស់សម្រាប់ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីល្ងាចថ្ងៃចន្ទមក ហើយទីភ្នាក់ងារនានាបានចាត់វិធានការដើម្បីទប់ទល់នឹងផលប៉ះពាល់នៃភ្លៀងធ្លាក់ខ្លាំង ដែលកំពុងរំកិលទៅភាគខាងជើងឆ្ពោះទៅកាន់អាងទន្លេ ស៊ីឈួន (Sichuan) និងតំបន់ភាគខាងជើងនៃទន្លេ ហួយ (Huai)។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរខេត្តក្នុងខេត្ត ហឺណាន (Henan) ភាគកណ្តាលបានប្រកាសការឆ្លើយតបបន្ទាន់ខ្ពស់បំផុតសម្រាប់ការគ្រប់គ្រងទឹកជំនន់ក្នុងទីក្រុង ណានយ៉ាង (Nanyang) នៅព្រឹកថ្ងៃអង្គារនេះដើម្បីទប់ទល់នឹងទឹកជំនន់ធ្ងន់ធ្ងរ។
ជាមួយគ្នានេះដែរ នៅក្នុងខេត្ត ហឺណាន អង្គភាពឃ្លាំមើលអាកាសធាតុនៅក្នុងទីក្រុង សាងឈីវ (Shangqiu) បានបង្កើនការព្រមានរបស់ខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំងដល់កម្រិតខ្ពស់បំផុត។ តំបន់ប្រសព្វរវាងខេត្ត ហឺណាន, សានតុង (Shandong) និង អានហួយ (Anhui) នឹងឃើញមានភ្លៀងធ្លាក់ខ្លាំងជាពិសេសនៅចន្លោះយប់ថ្ងៃចន្ទ ដល់យប់អង្គារ នេះបើយោងតាមការព្យាករ៕