បង់ក្លាដែស៖ មន្ត្រីបាននិយាយថា ទូកដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្សជាង ១០០នាក់បានលិចកាលពីថ្ងៃសុក្រ បន្ទាប់ពីបានបុកជាមួយទូកតូចមួយផ្សេងទៀតនៅលើដងទន្លេធំមួយ បណ្តាលឱ្យមនុស្សយ៉ាងតិច ២១នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់នៅភាគខាងកើតប្រទេសបង់ក្លាដែស។ មន្ត្រីនគរបាលក្នុងតំបន់ លោក Imranul Islam និយាយតាមទូរស័ព្ទថា គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងស្រុក Brahmanbaria នៅល្ងាចថ្ងៃសុក្រ។

លោកបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពយ៉ាងតិច ២១នាក់ ខណៈដែលអ្នកនៅរស់រានមានជីវិតបាននិយាយថា មនុស្សប្រមាណ ១០០នាក់បានស្ថិតនៅលើទូកអំឡុងពេលមានគ្រោះថ្នាក់នេះ។ ការរាយការណ៍ព័ត៌មានក្នុងស្រុកដោយបានដកស្រង់សម្តី អ្នកគ្រប់គ្រងរដ្ឋាភិបាលជាន់ខ្ពស់ប្រចាំតំបន់ លោក Hayat-Ud-Dola បាននិយាយថា មនុស្សប្រហែល ៥០នាក់បានបាត់ខ្លួន។ គ្រោះថ្នាក់បែបនេះតែងតែកើតឡើងនៅប្រទេសបង់ក្លាដែស ជាប្រទេសដែលសំបូរទៅដោយទន្លេជាង ២៣០ទន្លេ ដោយសារតែការអនុវត្តច្បាប់មិនបានត្រឹមត្រូវ និងការបើកបរទូកគ្មានជំនាញ។ តំបន់នេះមានចម្ងាយ ៨២គីឡូម៉ែត្រខាងកើតរដ្ឋធានីដាកា ប្រទេសបង់ក្លាដេស៕
អត្ថបទ៖ ប៊ុនថន