ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃអង្គារនេះដោយដកស្រង់សម្តីរបស់លោកស្រី គីម យ៉ូចុង (Kim Yo Jong) ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ថា កូរ៉េខាងត្បូងនឹងប្រឈមផលវិបាកដ៏ធ្ងន់ធ្ងរ សម្រាប់ការទម្លាក់ខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង លើប្រទេសកូរ៉េខាងជើង ។

លោកស្រី Kim បាននិយាយថា យ៉ាងហោចណាស់បាឡុងធំៗចំនួន ២៩ ផ្ទុកដោយខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងពីកូរ៉េខាងត្បូង ត្រូវបានរកឃើញនៅជុំវិញប្រទេសកូរ៉េខាងជើង ដែលជំរុញឱ្យមានការបិទផ្លូវនៅក្នុងតំបន់ និងបង្កការរំខានដល់អ្នកស្រុក។

ភាពតានតឹងបានផ្ទុះឡើងកាលពីខែមុន បន្ទាប់ពីកូរ៉េខាងជើងបានបញ្ជូនបាឡុងផ្ទុកសំរាមរាប់ពាន់ចូលទៅកូរ៉េខាងត្បូង ក្នុងការតវ៉ាប្រឆាំងនឹងយុទ្ធនាការមួយរបស់ក្រុមអ្នករត់ចោលស្រុកកូរ៉េខាងជើង និងសកម្មជននៅកូរ៉េខាងត្បូង ដែលបានបង្ហោះកញ្ចប់ជំនួយ និងខិត្តប័ណ្ណជាច្រើនឆ្នាំ រិះគន់របបដឹកនាំរបស់លោក Kim ឆ្លងព្រំដែនដែលមានការការពារយ៉ាងរឹងមាំ។
លោកស្រី Kim បាននិយាយថា ទីក្រុងព្យុងយ៉ាងអាចនឹងឆ្លើយតបខុសគ្នា ប្រសិនបើអាកប្បកិរិយា ដ៏កខ្វក់ ជាអ្វីដែលលោកស្រីហៅថា ជាមនុស្សអាក្រក់ នៅតែបន្ត ដោយលោកស្រីពុំបានបញ្ជាក់លម្អិតទេ។
លោកស្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន KCNA ថា ស្ថានភាពនេះ មិនអាចទទួលយកបានទេ អ្នកនឹងត្រូវប្រឈមផលវិបាកដ៏ធ្ងន់ធ្ងរនិងដ៏មហន្តរាយ៕