នៅសល់ប្រមាណតែ១៩ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបើកការដ្ឋានផ្លូវការជីកព្រែកហ្វូណនតេជោ នឹងឈានចូលមកដល់។ នាអំឡុងពេលនេះ បណ្តាវត្តអារាមមួយចំនួនខេត្តកណ្តាល និងរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចរាល់អស់ហើយ និងរងចាំថ្ងៃបើកការដ្ឋានជីកព្រែកឈានចូលដល់ដើម្បីជួបជុំព្រះសង្ឃ និងពុទ្ធបរិស័ទ ធ្វើពិធីសាសនា និងទូងស្គរ អបអរសាទរការជីកព្រែកហ្វូណនតេជោ។

ព្រះចៅអធិការ និងតំណាងព្រះចៅអធិការវត្តនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល មានថេរដីកាឲ្យ BTV ដឹងនៅថ្ងៃទី១៦ ខែកក្កដានេះថា ដោយមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល នៅថ្ងៃទី៥ ខែសីហានេះ តាមវត្តនឹងមានរៀបចំធ្វើការជួបជុំព្រះសង្ឈ និងប្រជាពុទ្ធបរិស័ទ ប្រារព្ធពិធីសាសនា និងធ្វើការទូងស្គរ វាយជួង រគាំង អបអរសាទរ និងធ្វើពិធីសាសនាបួងសួងសុំការជីកព្រែកហ្វូណនតេជោ ដំណើរការរលូន និងជីកឲ្យហើយរួចរាល់តាមផែនការគ្រោងទុក ដើម្បីបានជាប្រយោជន៍ផ្នែកសេដ្ឋកិច្ច កសិកម្ម ទេសចរណ៍ និងការចរាចរទំនិញខ្មែរចេញចូល នៅក្នុងសង្គមខែ្មរតរៀងទៅគ្រប់ជំនាន់។
សូមបញ្ជាក់ថា ដើម្បីចូលរួម គាំទ្រ និងអបអរសាទរការបើកការដ្ឋានគម្រោងព្រែកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលនឹងក្លាយជាកេរ្តិ៍មរតកប្រវត្តិសាស្រ្តសម្រាប់កូនចៅជំនាន់ក្រោយ ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរធម្មការ និងសាសនារាជធានីខេត្ត ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនារៀបចំវាយគងជួងរគាំង ទូងស្គរ ទះប៉ោត គោះត្រដោក នៅក្នុងតាមទីវត្តអារាមឲ្យបានព្រមៗគ្នា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩និង៩នាទីព្រឹក៕ អត្ថបទ ស៊ុម សុខជា




