រដ្ឋមន្ត្រីសន្តិសុខនៃក្រសួងមហាផ្ទៃអាមេរិក លោក អាលេហានដ្រូ ម៉ាយ៉ូកាស (Alejandro Mayorkas) បាននិយាយកាលពីថ្ងៃចន្ទ (១៥ កក្កដា) ថា ការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតី Donald Trump គឺជា «បរាជ័យ» ផ្នែកសន្តិសុខ ខណៈសេវាសម្ងាត់កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែខ្លាំងលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីការពារមន្ត្រីរដ្ឋាភិបាល។

លោក Mayorkas បានប្រាប់ CNN ថា «ឧប្បត្តិហេតុបែបនេះមិនអាចកើតឡើងបានទេ បើមិនមានការបរាជ័យផ្នែកសន្តិសុខ»។
ការលើកឡើងពីប្រធាននាយកដ្ឋានដែលត្រួតពិនិត្យសេវាសម្ងាត់រូបនេះ បានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានអំពាវនាវឱ្យមាន «ការពិនិត្យឡើងវិញដោយឯករាជ្យ» នៃផែនការសន្តិសុខក្នុងពិធីជួបជុំរបស់លោក Trump នៅទីក្រុង បាត់ល័រ (Butler) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) ជាទីដែលការបាញ់ប្រហារបានកើតឡើង។

សេវាសម្ងាត់កំពុងប្រឈមមុខនឹងសំណួរយ៉ាងខ្លាំងជុំវិញបរិវេណសន្តិសុខនៅក្នុងការជួបជុំនេះដែលមិនរាប់បញ្ចូលដំបូលឃ្លាំង ព្រោះនោះជាទីតាំងល្អសម្រាប់ឃាតករណាម្នាក់ដែលមានបំណងបាញ់ប្រហារលើលោក Trump ។

សេវាសម្ងាត់បាននិយាយថា ឃ្លាំងនោះស្ថិតនៅខាងក្រៅបរិវេណដែលខ្លួនទទួលខុសត្រូវ ដែលមានន័យថាសមត្ថកិច្ចក្នុងតំបន់មានទំនួលខុសត្រូវក្នុងការបោសសម្អាត និងធានាសន្តិសុខអាគារនោះ។ ប៉ុន្តែអតីតមន្ត្រីសមត្ថកិច្ចសហព័ន្ធបាននិយាយថា សេវាសម្ងាត់ ដែលទំនួលខុសត្រូវចម្បងបំផុតរបស់ខ្លួនគឺការពារមេដឹកនាំអាមេរិកទាំងបច្ចុប្បន្ន និងអតីត គួរតែធានាថាអគារនេះមានសុវត្ថិភាពមុនពេលការជួបជុំកើតឡើង៕