
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃអាទិត្យថា កូរ៉េខាងត្បូង នឹង «មិនទុកចោលកិច្ចខិតខំប្រឹងប្រែងការទូត» ដើម្បីការពារការធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំនៃជនភៀសខ្លួនកូរ៉េខាងជើង នៅបរទេសទេ។
លោក Yoon បាននិយាយក្នុងអំឡុងពិធីរំលឹកខួបនៃទិវាអ្នករត់ចោលស្រុកកូរ៉េខាងជើង ដែលប្រារព្ធធ្វើនៅវិមានប្រធានាធិបតីថា៖«យើងតែងតែយកចិត្តទុកដាក់ដល់ប្រជាជនកូរ៉េខាងជើង ដែលរងទុក្ខក្នុងរបបកូរ៉េខាងជើង»។«យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីធានាថា អ្នករត់ចោលស្រុកកូរ៉េខាងជើងនៅក្នុងប្រទេសក្រៅ មិនត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅកូរ៉េខាងជើងប្រឆាំងនឹងឆន្ទៈរបស់ពួកគេឡើយ»។

ថ្លែងទៅកាន់អ្នករត់ចោលស្រុកប្រហែល ២០០នាក់ និងសមាជិកគ្រួសាររបស់ពួកគេ លោក Yoon បាននិយាយថា ការស្វែងរកសេរីភាពរបស់ពួកគេ បម្រើជាការរំលឹកពីរបៀបដែលសេរីភាព អាចផ្លាស់ប្តូរជោគវាសនារបស់មនុស្សបាន។
លោកប្រធានាធិបតី Yoon បាននិយាយដោយសំដៅទៅកូរ៉េខាងត្បូងតាមឈ្មោះផ្លូវការរបស់ខ្លួនថា៖«ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីធានាថា អ្នករាល់គ្នាដែលបានរត់ចោលកូរ៉េខាងជើង នឹងត្រូវបានទទួលដោយសាធារណរដ្ឋកូរ៉េ»។ «ការដោះស្រាយបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព និងការបង្រួបបង្រួមនៃឧបទ្វីបកូរ៉េ ហើយការទទួលយកអ្នករត់ចោលស្រុកកូរ៉េខាងជើង គឺជាជំហានដំបូងឆ្ពោះទៅរកសន្តិភាព និងបង្រួបបង្រួមនេះ។